(ក្រុងលីល)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគី រកបាន ៣ពិន្ទុលើកទី១ ក្នុងព្រឹត្តិការណ៍ Euro 2016 នៅប្រទេសបារាំង បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ World Cup 2018 រុស្ស៊ីដោយលទ្ធផលបច្ចេកទេស ២-១ យប់ថ្ងៃទី១៥ មិថុនានេះ។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា នេះជាលើកទី១ ហើយសម្រាប់ក្រុមដែលមានរហស្សនាមថា «ផ្កាយខៀវ» ស្លូវ៉ាគី រកបាន៣ពិន្ទុ និងឡើងទៅឈរនៅលេខ២ ក្នុងពូល B បណ្តោះអាសន្ន បន្ទាប់ពី១ប្រកួតជម្រុះក្នុងពូលដំបូងបានចាញ់ជម្រើសជាតិវ៉េល ២-១។
លទ្ធផល ២-១ គឺបានកើតឡើង៣លើកហើយក្នុង Euro 2016 លើកទី១៥នេះ ពេលដែលបារាំង ឈ្នះរ៉ូម៉ានី ២-១, វ៉េល ឈ្នះស្លូវ៉ាគី ២-១ និងស្លូវ៉ាគី ទើបឈ្នះរុស្ស៊ី ២-១ ទៀតនៅរាត្រីនេះ។
កីឡាករនាំសំណាង Vladimir Weiss រកបានគ្រាប់ទី១ នៅនាទីទី៣២ មុនពេលមិត្តរួមក្រុម Marek Hamsik រកបានគ្រាប់ទី២ ឲ្យស្លូវ៉ាគី នៅនាទីទី៤៥ ដែលធ្វើឲ្យការប្រកួតទាំងស្រុងមានគម្លាតគ្នាជាខ្លាំង តែត្រូវបានកីឡាករ Denis Glushakov តែតបញ្ចូលទីបាន១គ្រាប់វិញដែរនៅនាទីទី៨០ ដូចដែលគ្រាប់តែតតាមបានស្មើ ១-១ ពេលប៉ះអង់គ្លេសថ្ងៃទី១៣ មិថុនាផងដែរ។
២ប្រកួតបន្ទាប់នៅរាត្រីនេះដែរ គឺស្វីស ប៉ះរ៉ូម៉ានី ម៉ោង១១យប់ និងម្ចាស់ផ្ទះបារាំង ប៉ះក្រុមអាល់បានី នាម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងពូល A៕