(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំការបណ្តុះបណ្តាលស្តីពី «និយាមនីតិវិធីប្រតិបត្តិការងារ (SOP) សម្រាប់ការស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់» ក្រោមអធិបតីភាពបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋាន ពន្ធដារតំណាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារ នៃនាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ សរុបចំនួន ៨៨ រូប។
បណ្ឌិត ម៉ិញ បានកុសល បានលើកឡើងពីភារកិច្ចរបស់នាយកដ្ឋានស៊ើបអង្កេតបទល្មើស ពន្ធដារដែលចាប់តាំងពីឆ្នាំ ២០១៨ ដោយបានដើរតួនាទី ជាសេនាធិការឱ្យអគ្គនាយកដ្ឋានពន្ធដារ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ពន្ធដារ និងបទល្មើសសម្អាតប្រាក់។
លោកបណ្ឌិត បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការបណ្តុះបណ្តាលនេះ គឺដើម្បីចូលរួមចំណែករបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តតាមផែនការ សកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដែលតម្រូវឱ្យការស៊ើបអង្កេតបទល្មើសពន្ធដារ និងការស៊ើបអង្កេតការសម្អាតប្រាក់ ត្រូវអនុវត្តស្របគ្នាចាប់តាំងពីដំណាក់កាលដំបូង ដោយធ្វើការស្វែងរកព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានពីទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើស ដើម្បីអាចមានលទ្ធភាពឃាត់ទុក បង្កក និងរឹបអូស ឱ្យស្របតាមកម្រងឯកសារនៃសេចក្តី ណែនាំគោលការណ៍ និងដំណើរការប្រតិបត្តិការងារស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់។
លោក គង់ សុខហេង អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ បានធ្វើបទបង្ហាញ និងបានបញ្ជាក់ថា ការ រៀបចំនិយាមនីតិវិធីប្រតិបត្តិការងារនេះ (SOP) គឺផ្អែកទៅលើគំរូ SOP របស់អគ្គនាយកដ្ឋានពន្ធដារ សៀវភៅណែនាំការស៊ើប អង្កេតបទល្មើសពន្ធដារ លក្ខខណ្ឌតម្រូវអប្បបរមា និងការផ្តល់ធាតុចូលពីក្រុមការងារពាក់ព័ន្ធផងដែរ។ និយាមនីតិវិធីប្រតិបត្តិការងារ (SOP) នេះគឺជាកម្រងឯកសារនៃសេចក្តីណែនាំ គោលការណ៍ និងដំណើរការនីតិវិធីបែបបទប្រតិបត្តិការងារ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ដើម្បីប្រើប្រាស់ជាលំនាំ និងជាមគ្គុទ្ទេសក៍ក្នុងការដឹកនាំ គ្រប់គ្រង និងការអនុវត្ត ការងារស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ឱ្យបានត្រឹមត្រូវ តាមលំដាប់លំដោយ សំដៅធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការបំពេញការងារ។
បន្ថែមពីនេះ ការដាក់ឲ្យប្រើប្រាស់និយាមនីតិវិធីប្រតិបត្តិការងារ (SOP) នេះ គឺដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ ដោយកំណត់គោលការណ៍ជាមូលដ្ឋានក្នុងការស៊ើប អង្កេតបទល្មើសពន្ធដារ កម្រិតជំនាញវិជ្ជាជីវៈ និងការរក្សាការសម្ងាត់របស់មន្រ្តីស៊ើបអង្កេត ប្រភពនៃករណីសង្ស័យ ការកសាង សំណុំរឿងស៊ើបអង្កេតបទលើ្មសពន្ធដារ ការស៊ើបអង្កេតបទល្មើសពន្ធដារនិងបទល្មើសសម្អាតប្រាក់ និងវិធានការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ។
លោក ស្រ៊ុន អង្គរ៉េន ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពន្ធដារនៃនាយកដ្ឋានស៊ើបអង្កេត បទល្មើសពន្ធដារទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលបាន ផ្តល់នូវចំណេះដឹងបន្ថែមទៀត សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ឱ្យស្របតាមនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) សម្រាប់ការស៊ើប អង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ ដែលបានដាក់ឱ្យប្រើប្រាស់ និងផ្តល់ការបណ្តុះបណ្តាលជាញឹកញាប់ រួចមកហើយ៕