(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការបរិច្ចាគថវិកាជួយដោះមីន ជាសកម្មភាពជួយជាតិខ្មែរ មិនមែនជួយបុគ្គលណាម្នាក់នោះឡើយ។
តាមរយៈវីដេអូមួយ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «អរគុណណាស់ បណ្តាសប្បុរសជនដែលបានចូលរួមជាមូលនិធិជាថវិកាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រាប់មីនរបស់យើង។ ថ្ងៃនេះប្រមូលថវិកាបានជាង ២០ម៉ឺនដុល្លារ ហើយមានការចូលបន្តបន្ទាប់ទៀត អញ្ចឹងខ្ញុំចូលរួម ១ម៉ឺនដុល្លារដែរ។ តាមពិតការចូលរួមនេះ គឺចូលរួមជួយខ្លួនឯងទេ ដោយសារទីមួយ កងទ័ពជើងគោកក៏ជាប្រតិបត្តិករដោះមីន (ទីពីរ) ប៉ុន្តែជួយខ្លួនឯងព្រោះខ្លួនឯងជាខ្មែរ។ ដោះមីននៅខ្មែរ គឺសម្រាប់ជួយខ្មែរទាំងអស់គ្នា ព្រោះខ្ញុំក៏ជាខ្មែរម្នាក់ដែរ»។
លោកបន្តថា នៅកម្ពុជាសល់គ្រាប់មីនលើផ្ទៃដី ៧០០គីឡូម៉ែត្រការ៉េ មានទំហំប៉ុនប្រទេសសិង្ហបូរី។ បើបូកនឹងគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត មានប្រមាណ ២ពាន់គីឡូម៉ែត្រការ៉េទៀត។
បើតាមលោក ហ៊ុន ម៉ាណែត យ៉ាងហោចណាស់ជាង ១លាននាក់នៃប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅក្រោមហានីភ័យនៃការរងគ្រោះដោយសារមីន។ លោកអំពាវនាវ ឲ្យរួមគ្នាបន្តទៀត ដើម្បីសម្អាតមីនឲ្យអស់ពីកម្ពុជា នៅឆ្នាំ២០២៥។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានសម្រេចបង្កើត «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន - Samdech Techo Project for Mine Action_STF - MA» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម - Providing Safe Ground, Creating Smiles» ដើម្បីស្វែងរកថវិកាគាំទ្រសកម្មភាពបោសសំអាតមីននៅកម្ពុជា ឆ្ពោះទៅសម្រេចសម្រេចគោលដៅកម្ពុជាគ្មានគ្រាប់មីននៅឆ្នាំ២០២៥។
ក្រោមចលនាជាតិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រជាជនគ្រប់ទិសទីបានគាំទ្រ និងចូលរួមយ៉ាងផុសផុលបរិច្ចាគវិភាគទានផ្ទាល់ខ្លួន គាទ្រដល់យុទ្ធនាការនេះ។ គិតត្រឹមខែកក្កដា យុទ្ធនាការនេះទទួលបានថវិកាជាង ១៧លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ការអនុវត្តដំណាក់កាលដំបូងនៃគម្រោងនេះ នឹងត្រូវបោសសម្អាតគ្រាប់មីនឱ្យអស់ក្នុងរយៈពេល ០៦ ខែក្នុងខេត្តចំនួន ០៣ និងស្រុក/ក្រុងចំនួន ០៩។ ខេត្ត និងក្រុង/ស្រុកទាំងនោះមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពត និងខេត្តតាកែវ រីឯក្រុង/ស្រុក ០៩ មាន ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) ក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ) និងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ)៕