(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើលិខិតមួយច្បាប់គោរពជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្តែងការសោកស្តាយជំនួសឲ្យទង្វើអសីលធម៌ ការប្រមាថ និងកំហុសទាំងឡាយរបស់ជនមួយក្រុម ដែលបានប្រព្រឹត្តិជាបន្តបន្ទាប់មកលើក្រុមគ្រួសារ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំនៃប្រជាជាតិមួយ ។
លិខិតរបស់លោក សម រង្ស៊ី គឺបានធ្វើឡើង មួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតប្រារព្ធ នៅក្នុងទីក្រុងភ្នំពេញ ដោយសម្តេចបានសម្តែងការឈឺចាប់ក្នុងឋានៈជាមេដឹកនាំ នៃប្រជាជាតិមួយ ដែលត្រូវមេដឹកនាំគណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនរបស់គណបក្សប្រឆាំងមួយនេះផង បានបង្កើតសាច់រឿងមួលបង្កាច់បំភ្លៃយ៉ាងអសីលធម៌។ គ្រប់គ្នាក៏បានដឹងច្បាស់ណាស់ថា ក្រុមជនដែលបង្កើតសាច់រឿងដើម្បី បំភ្លៃ បំភ័ន្ត និងប្រមាថ ថ្នាក់ដឹកនាំរបស់ប្រជាជនកម្ពុជាជាបន្តបន្ទាប់នេះ គឺជាមេដឹកនាំ និងសកម្មជនក្នុងរចនាសម្ព័ន្ធអង្គការចាត់តាំងនៃ គណបក្សសង្គ្រោះជាតិ។
លិខិតរបស់លោក សម រង្ស៊ី បានបង្ហាញពីការឱនលំទោនមួយ ក្នុងនាមប្រធានគណបក្សសង្គ្រោះជាតិ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក៏ប៉ុន្តែបើពិនិត្យលើខ្លឹមសារ និងសារជាតិនៃលិខិតនេះ គឺមិនទាន់បង្ហាញភាពស្មោះត្រង់របស់លោក សម រង្ស៊ី ចំពោះសម្តេចតេជោ ហ៊ុន សែន លើកំហុសចេតនា ដែលបង្កដោយមេដឹកនាំ និងសកម្មជនរបស់គណបក្សប្រឆាំងមួយនោះទេ។
ទី១៖ ការខ្ជះខ្ជាយខាងបែបបទរដ្ឋបាល៖ នៅក្នុងលិខិតនេះសូម្បីការសរសេរអក្ខរាវិរុទ្ធ គឺមានកំហុស និងមិនបានពិនិត្យដោយយកចិត្តទុកដាក់នោះទេ ហើយលោក សម រង្ស៊ី បានចុះហត្ថលេខា ដោយងងើលលើលិខិតនោះ។ កំហុសនៅត្រង់ សូម្បីសរសេរពាក្យ «សម្តេច» ជាតួអង្គសំខាន់ដែលគេត្រូវ គោរពជូននោះ គឺមិនបានត្រឹមត្រូវទេ។ ទោះបីចង់និយាយដោះសារក្នុងបំណងរកស្ថានសំរាលក៏ដោយ ប៉ុន្តែនេះបង្ហាញពីភាពខ្ជះខ្ជាយ ភាពមិនហ្មត់ និង អសមត្ថភាពនៃធនធានមនុស្សរបស់គណបក្សសង្គ្រោះជាតិ ។
ទី២៖ ចំពោះការបំភ័ន្តក្នុងខ្លឹមសារលិខិត៖ គឺបង្ហាញនៅត្រង់ចំណុចដែលថា «គោលនយោបាយគណបក្សសង្គ្រោះជាតិ ប្រឆាំងដាច់ខាតនូវការប្រើប្រាស់ អំពើហិង្សារ ការលាភពណ៌ ការប្រមាថ...» ។ ឃ្លាខាងលើនេះបង្ហាញថា លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ កំពុងឆ្លៀតបន្លំយកចំណេញ ជាសារនយោបាយតាមរយៈលិខិតនេះ។ ប៉ុន្តែលោក សម រង្ស៊ី មិនអាចលាក់បាំងបានទេ ហើយក៏មិនអាចបន្លំប្រជាជនកម្ពុជាបានដែរ ។ ប្រជាជនកាន់តែមើលឃើញពីពុកត្បុតមេដឹកនាំបក្សប្រឆាំងជារៀងរហូតមួយនេះ ។
តើលោក សម រង្សីុ ព្រមទាំង គណបក្សសង្គ្រោះជាតិ ពិតជាស្អាតស្អំពីអំពើហិង្សារ ការលាភពណ៌ ការប្រមាថអ្នកដទៃជាបន្តបន្ទាប់ពិតមែន ? មិនពិតទេ ហើយក៏មិនអាចបំភ័ន្តគេបានឡើយ ! មាន៣ចំណុចជាទល្ហីករណ៍ខ្លះបញ្ជាក់អំពី សារជាតិ និងសកម្មភាពពិតរបស់ គណបក្សសង្គ្រោះជាតិដូចខាងក្រោម៖
* ការប្រព្រឹត្តិអំពើហិង្សា៖ នៅក្នុងថ្ងៃបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានឲ្យសកម្មជនខ្លួនបង្ករការរំខានស្ទើគ្រប់ការិយាល័យបោះឆ្នោត ដោយគណបក្សប្រឆាំងមួយនេះដឹងច្បាស់ថា មិនអាចយកឈ្នះ គណបក្សប្រជាជនកម្ពុជា តាមបែបប្រជាធិបតេយ្យ និងការបោះឆ្នោតនោះទេ។ ដូច្នេះហើយ នៅយប់នៃថ្ងៃរាប់សន្លឹកឆ្នោត គណបក្សសង្គ្រោះជាតិ តាមរយៈសកម្មជនខ្លួន បានចាប់ផ្តើមបង្កើតអំពើហិង្សា នៅគល់ស្ពានស្ទឹងមានជ័យ ក្នុងក្រុងភ្នំពេញ ដើម្បីជាឈ្នាន់ឈានដល់បង្កើតចលាចលសង្គម និងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា។ ប៉ុន្តែ ផែនការនេះបរាជ័យ។
ជាថ្មីម្តងទៀត នៅក្នុងខែមិថុនា ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិ តាមរយៈសកម្មជនខ្លួនដដែល ដែលមាន មាជ សុវណ្ណារ៉ា និងតំណាងរាស្ត្រ របស់បក្សនេះខ្លះផង រួមមានលោកស្រី មួរ សុខហួរ ជាដើម បានប្រព្រឹត្តិអំពើហិង្សាម្តងទៀត នៅស្ពាននាគជិត ទីលានប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញ ដោយបានវាយដំក្រុមសន្តិសុខឲ្យរបួសជាច្រើននាក់ ។ ចំពោះករណីជាក់ស្តែងនេះលោក សម រង្ស៊ី ព្រមទាំង គណបក្សសង្គ្រោះជាតិ មិនដែលថ្កោលទោស និង ចេញមុខសុំទោសជនរងគ្រោះទាល់តែសោះ ។
* ចំពោះការលាភពណ៌៖ គឺប្រជាជនកម្ពុជា បានដឹងច្បាស់ណាស់ថា លោក សម រង្ស៊ី ព្រមទាំង គណបក្សសង្គ្រោះជាតិ គឺជា «មេលាភពណ៌ប្រជាជនខ្មែរ ថាជា យួន»។ នេះជាអំពើប្រមាថជាតិឯងយ៉ាងថោកទាប ដែលដក់នៅក្នុងខួរក្បាលរបស់មេដឹកនាំ និងសកម្មជនមួយចំនួនរបស់គណបក្សសង្គ្រោះជាតិ។ លើសពីនេះប្រជាជនកម្ពុជា ក៏ស្គាល់ច្បាស់ដែរថា លោក សម រង្ស៊ី ជាមេបំបែកបំបាក់ជាតិ តាមរយៈគំនិត «មានស៊ី អត់សែន» ហើយក្រោយមកបានចិញ្ចឹមចិត្តបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា។ ទាំងអស់នេះស្តែងចេញតាមរយៈការរៀបចំនឹងគាំទ្រ «យុទ្ធនាការពាក់អាវខ្មៅជារៀងរាល់ថ្ងៃច័ន្ទ»។ ទាំងនេះជាការព្យាយាមបំបែកបំបាក់ជាតិដ៏គ្រោះថ្នាក់របស់ គណបក្សសង្គ្រោះជាតិ មិនឈប់ឈរ និងប្រកបដោយពិសពុល។
ការឲ្យដឹងពីផ្ទៃក្នុង គឺគណបក្សសង្គ្រោះជាតិគ្រោងរៀបចំការជួបជុំក្នុងពិធីមួយនៅថ្ងៃទី១៩ ខែមថុនានេះ នៅខេត្តសៀមរាប ហើយគ្រោងនិយាយអំពីប្រវត្តិការបែកបាក់កម្ពុជា ក្នុងសម័យកាល «ចេនឡាគោក និង ចេនឡាទឹក» ។ នេះជាល្បិចនយោបាយបិទបាំងកំហុស និង អំពើអសីលធម៌បុគ្គលខ្លះក្នុងបក្សនេះប៉ុណ្ណោះ ។ ប្រជាជនកម្ពុជាចងចាំប្រវត្តិសាស្ត្រនេះ ហើយក៏ចងចាំនិងទទួលស្គាល់ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គឺបានខិតខំផ្សះផ្សារបង្រួបបង្រួមកម្ពុជា ចាប់តាំងពីកម្ពុជាមាន៤ភាគី មកកម្ពុជាដែលមានការឯកភាពជាតិនិងទឹកដី ។ ផ្ទុយទៅវិញ គឺគណបក្សសង្គ្រោះជាតិទេ ដែលធ្វើនយោបាយពិសពុលព្យាយាមបំបែកបំបាក់ជាតិ ការលាភពណ៌ និង បំផុសកំហឹងវណ្ណៈ តាមគន្លង ប៉ុល ពត ខ្មែក្រហម ដែលបានធ្វើឲ្យមានវិនាសកម្មនៅកម្ពុជា ។ ក្នុងបរិបទថ្មីនេះ កាលណានិយាយដល់ក្រុមដែលធ្វើនយោបាយបំបែកបំបាក់ជាតិ សូមកុំខំលាក់មុខ ប្រជាជនបានស្គាល់ក្រយៅក្រុមជន ដែលចងពារជាតិឯងដោយសារគំនុំឈាមឪពុកនោះច្បាស់ណាស់ នោះគឺ សម រង្ស៊ីមេគណបក្សសង្គ្រោះជាតិ តែម្តង។
* អំពីការប្រមាថ៖ ករណីនេះ លោក សម រង្ស៊ី ព្រមទាំង គណបក្សសង្គ្រោះជាតិ មិនអាចដោះសារបានទេ ។ គណបក្សសង្គ្រោះជាតិ បានបណ្តោយឲ្យសកម្មជនរបស់ខ្លួន ដូចជា ប៉ាង សុខឃឿន ហៅ ខ្មែរសុវណ្ណភូមិ, Brady N Young, ទូច វិបុល, អ៊ា ចាន់ណា, និង ម៉ែន ណាត ជាដើម ប្រមាថគ្រួសារសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំជាតិនិងប្រមាថជាតិឯងយ៉ាងពិសពុល និងអសីលធម៌បំផុត ត្រង់ចំណុចកាឡៃថា លោក ហ៊ុន ម៉ាណែត ជាកូនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយមេដឹកនាំវៀតណាម លោក ឡេ ដឹកថ ទៅវិញ ។ ត្រង់ចំណុចនេះ កុំថាឡើយ គ្រួសារសម្តេចតេជោ ហ៊ុន សែន ដែលឈឺចាប់ចំពោះការប្រមាថឧត្តមភរិយា និងកូនប្រុសជាឈាមបង្កើតរបស់ខ្លួន សូម្បីប្រជាជនកម្ពុជា ក៏មិនអាចអត់ឱនបានចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរបែបនេះ ចំពោះមេដឹកនាំរបស់ខ្លួននោះបានឡើយ ។
ទី៣៖ ដូច្នេះលិខិតរបស់ លោក សម រង្ស៊ី មិនទាន់អាចជួសជុលការខូចខាត និងការឈឺចាប់របស់មេដឹកនាំជាតិមួយនោះទេ។ លោក សម រង្ស៊ី ត្រូវតែមាន ភាពស្មោះត្រង់ «ហ៊ានថ្កោលទោសឧក្រិដ្ឋជននៅក្នុងបក្សរបស់ខ្លួន» ដែលបាន «ប្រើប្រាស់អំពើហិង្សារ ការលាភពណ៌ ការប្រមាថ» ចំពោះមេដឹកនាំជាតិរបស់ខ្លួន ។
ទី៤៖ ក្នុងនាមជាពលរដ្ឋ នៃប្រជាជាតិកម្ពុជាដែលជារដ្ឋអធិបតេយ្យនិងថ្លៃថ្នូរមួយរូប ហើយក៏ដូចជាប្រជាជនកម្ពុជាទាំងមូល យើងពិតជាឈឺចាប់ជំនួសគ្រួសារ សម្តេចតេជោ ហ៊ុន សែន ដែលរងការប្រមាថយ៉ាងអសីលធម៌ពី គណបក្សសង្គ្រោះជាតិ។ សម្តេចតេជោ ហ៊ុន សែន បានលះបង់ សាច់ ឈាម ដើម្បីប្រជាជាតិនេះ ឲ្យងើបពីនរកអវិចីយ៍ រហូតប្រែក្លាយមាតុភូមិកម្ពុជាជាប្រជាជាតិថ្លៃថ្នូរ ស្មើមុខ ស្មើសិទ្ធិ ជាមួយប្រទេសជិតខាង និងមានការអភិវឌ្ឍន៍ គ្រប់វិស័យ ។ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែផ្តល់ការរស់រានមានជីវិតដល់ជាតិទាំងមូល ដែលក្នុងនោះ សូម្បីមនុស្សជាច្រើនក្នុងគណបក្សសង្គ្រោះជាតិផងក៏បានរស់ឡើងវិញដោយសារ សម្តេចតេជោ ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជាដែរ ហើយពួកគេមានសិទ្ធិធ្វើ នយោបាយរហូតសព្វថ្ងៃនេះទៀតផង។
ប្រជាជនកម្ពុជាបានដឹងច្បាស់ណាស់ក្រោមនយោបាយផ្សះផ្សារបង្រួមបង្រួមជាតិរបស់ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺអ្នកណាក៏អាចរួមរស់ជាមួយបានដោយសន្តិភាព និង ដោយសេចក្តីថ្លៃថ្នូរ។
ជាថ្មីម្តងទៀតតាមរយៈលិខិតមួយសន្លឹក លោក សម រង្ស៊ី ដែលជាទណ្ឌិត បានធ្វើជាឱនលំទោនចំពោះ សម្តេចតេជោ ហ៊ុន សែន ដូចអ្វីដែល លោក សម រង្ស៊ី ឱនលំទោនសុំរួចទោសកាលពីលើកមុនៗ ក៏ប៉ុន្តែ លើកនេះគ្រាន់ជាការឱនលំទោនដែលបង្កប់ ពិសពុល ពុតត្បុត និងគ្មានភាពស្មោះត្រង់ប៉ុណ្ណោះ ។ ដូច្នេះដរាបណា លោក សម រង្ស៊ី គ្មានភាពស្មោះត្រង់ ទាំងចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំរបស់ប្រជាជាតិមួយ និងនៅតែប្រមាថទាំងព្រះមហាក្សត្រ ព្រមទាំងមាតុភូមិកម្ពុជា នោះគ្មានថ្ងៃដែល ប្រជាជនកម្ពុជាអនុគ្រោះឲ្យនោះឡើយ៕
ដោយ៖ សេនាជាតិ