(ភ្នំពេញ)៖ មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអន ដែលជាមណ្ឌលដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានបើកដាក់ឲ្យដំណើរ ការជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ។ វត្តមានមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអន ត្រូវបានប្រជា ពលរដ្ឋសម្តែងការស្វាគមន៍ និងសាទរ ព្រមទាំងចាត់ទុកការបង្កើតឲ្យមានមណ្ឌលនេះឡើង គឺជាការធ្វើកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ក្នុងពិធីដាក់ឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងឲ្យដឹងថា មណ្ឌលប្តូរ និង ពន្យារបណ្ណបើកបរ ដែលធ្វើឡើងតាមផ្សារទំនើបបែបនេះ មិនត្រឹមតែជាការកើតមានដំបូងនៅក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏មិនទាន់មានប្រទេសណា ធ្វើបែបនេះផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានហៅការបង្កើតមណ្ឌលប្តូរ និង ពន្យារបណ្ណបើកបរនេះ គឺជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស និងល្អប្រសើរថែមទៀត សម្រាប់ប្រជា ពលរដ្ឋកម្ពុជាប្រកបដោយតម្លាភាព។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា មណ្ឌលប្តូរ និង ពន្យារបណ្ណបើកបរស្ថិតនៅជាន់ទី១ នៃផ្សារទំនើបអ៉ីអននេះ អាចធ្វើការប្តូរ និង ពន្យារជូនប្រជាពលរដ្ឋនៅទូទាំង២៥រាជធានី-ខេត្ត។
លោកទេសរដ្ឋមន្រ្តី បានថ្លែងដូច្នេះ «ការដែលយើងធ្វើកន្លែងប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបនេះ គឺជាការយកសេវាមកឲ្យជិតដល់ ប្រជាពលរដ្ឋតែម្តង ឲ្យកៀកនឹងគាត់ធ្វើឲ្យមានប្រសិទ្ធភាព ឲ្យមានតម្លាភាព ឲ្យបានលឿនជូនបងប្អូនប្រជាពលរដ្ឋ។ ឥឡូវនេះ កន្លែងនេះ ចង់ប្តូរបណ្ណបើកបរ ចង់ពន្យារបណ្ណបើកបរ ប្រើពេលតែ ២០នាទីប៉ុណ្ណោះ នេះហើយជាសេវាចាំបាច់ សេវាតម្រូវការ ដែលសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន លោកចង់ឲ្យក្រសួងធ្វើជូនទៅបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា យើងត្រូវបម្រើបងប្អូនប្រជាពលរដ្ឋ»។
មណ្ឌលប្តូរ និង ពន្យារបណ្ណបើកបរនេះ បើកទ្វារបម្រើប្រជាពលរដ្ឋជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១០យប់។ ក្នុងមណ្ឌល នេះមានមន្រ្តីបម្រើការងារ ១៤នាក់។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងផងដែរថា តម្លៃសេវាសម្រាប់ការផ្លាស់ប្តូរបណ្ណបើកបរយានយន្តនាពេលនេះមានតម្លៃទាបជាង ពេលកន្លងទៅ ពោលតម្លៃសេវាសម្រាប់ការប្តូរបណ្ណបើកបររថយន្តមានតម្លៃ ៣០,០០០រៀល ដោយឡែកតម្លៃបណ្ណបើកបរទោចក្រយានយន្ត មានតម្លៃ ២០,០០០ម៉ឺនរៀល។ លោក ស៊ុន ចាន់ថុល បានធានាផងដែរអំពីតម្លាភាព ក្នុងការផ្តល់សេវានៅមណ្ឌលប្តូរ និង ពន្យារបណ្ណបើក បរនៅផ្សារទំនើបអ៉ីអននេះ ពោលនឹងមិនមានការទារកម្រៃក្រៅផ្លូវការអ្វីផ្សេងនោះទេ។ តម្លាភាព ដោយសារក្នុងមណ្ឌលនេះ មានបំពាក់កាម រ៉ាសុវត្ថិភាពចំនួន៩ ដើម្បីតាមដានសកម្មភាពបម្រើសេវារបស់មន្រ្តី។
វត្តមានមណ្ឌលប្តូរ និង ពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអននេះ បានធ្វើឲ្យប្រជាពលរដ្ឋសម្តែងការសាទរ និង កោតសរសើរពីការខិតខំធ្វើ កំណែទម្រង់របស់ក្រសួងសាធារណការ ក៏ដូចរាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ។
លោក ប៉ាវ រតនា ដែលបានទៅស្វែងរកសេវាពន្យារបណ្ណបើកបរ បានថ្លែងថា ការធ្វើកំណែទម្រង់ក្នុងការផ្តល់បណ្ណបើកបរនេះ មានប្រសិទ្ធ ភាពខ្ពស់ លឿន ហើយអស់កម្រៃតិចជាងមុន។ លោក ប៉ាវ រតនា បានសម្តែងក្តីសប្បាយរីករាយចំពោះការធ្វើកំណែទម្រង់ ហើយរំពឹងថា ក្រសួងដទៃទៀត នឹងយកគំរូតាមក្រសួងសាធារណការលើការផ្តល់សេវានេះ។
លោក ប៉ាវ រតនា បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសង្កេតឃើញថា ការធ្វើកំណែទម្រង់ផ្តល់សេវាសាធារណៈពាក់ព័ន្ធរឿងប្តូរបណ្ណបើកបរនេះ វា មានប្រសិទ្ធភាពខ្ពស់ជាងមុន។ ព្រោះថា ពេលមុនយើងប្រើពេលវេលាយូរអាចរហូតដល់ពីរខែ ហើយសម្រាប់ការចំណាយប្រាក់វិញក៏អស់ ច្រើន ហើយដំណើរការ នៃការស្នើសុំបណ្ណបើកបរហ្នឹង ក៏វាស៊ាំញ៉ាំដែរ។ តែលើកនេះ មានភាពងាយស្រួលមិនយូរ ប្រើពេលវេលាខ្លី»។
លោក ប៉ាវ រតនា បានបន្ថែមថា «សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាសប្បាយចិត្តនៅសេវាសាធារណៈបែបនេះ ខ្ញុំក៏សង្ឃឹមថាស្ថាប័នរដ្ឋដទៃទៀត នឹងយកគំរូតាមអ្វី ដែលក្រសួងសាធារណការ និងដឹកជញ្ជូននេះ ហើយខ្ញុំក៏សង្ឃឹមថា ក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងធ្វើកំណែ ទម្រង់សេវាសាធារណផ្សេងទៀត មិនមែនតែរឿងបណ្ណបើកបរនេះទេ»។
ការដាក់ឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឲ្យប្រជាពលរដ្ឋទាំង អស់ទៅស្វែងរកសេវាប្តូរ និងពន្យារបណ្ណបើកបរ។ សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំ ដើម្បីប្រជាពលរដ្ឋទូទៅ កាន់តែងាយស្រួលទទួលបានសេវាសាធារណៈទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្តេចបានជំរុញ ឲ្យក្រសួងទាំងអស់ត្រូវ ខិតខំឲ្យបានព្រមគ្នាស្របទៅតាមគោលការណ៍រដ្ឋាភិបាលអេឡិកត្រូណិក (E-Government) ដែលជាសេចក្តីត្រូវការចាំបាច់បំផុតសម្រាប់ ប្រជាពលរដ្ឋ និង ការអភិវឌ្ឍប្រទេសជាតិទាំងមូល។
ជាមួយការដាក់ឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអំពាវនាវឲ្យមន្រ្តី យកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាមួយអាកប្បកិរិយាសមរម្យ។ លោក ក៏បានស្នើប្រជាពលរដ្ឋទៅរកសេវា ឲ្យមានការ យោគយល់អធ្យាស្រ័យ ប្រសិនបើមន្រ្តីសម្តែងកាយវិការមិនសមរម្យណាមួយ ព្រោះពេលខ្លះមន្រ្តីអាចមានអារម្មណ៍មិនល្អដោយសារសម្ពាធ ការងារ។
លោកទេសរដ្ឋមន្រ្តី ក៏បានទទូចឲ្យប្រជាពលរដ្ឋ ដែលធ្លាប់ស្វែងរកឈ្មួញកណ្តាលឲ្យធ្វើ ប្តូរ ឬ ពន្យារបណ្ណបើកបរនោះ គួរតែព្យាយាមទៅធ្វើ ដោយខ្លួនឯង ដើម្បីចៀសវាងការចំណាយក្រៅផ្លូវការច្រើន ហើយអាចមានពេលយូរ។
បើតាមលោក ស៊ុន ចាន់ថុល ដើម្បីផ្តល់សេវាឲ្យកាន់តែលឿន និងឆាប់រហ័សក្នុងការផ្តល់បណ្ណបើកបរនេះ ក្រសួង ក៏កំពុងសិក្សាពីការដាក់ មណ្ឌលប្តូរ និង ពន្យារបណ្ណបើកបរបែបនេះ នៅតាមផ្សារទំនើបផ្សេងៗទៀត។ លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងផងដែរថា នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៦នេះ ក្រសួងបានធ្វើបណ្ណបើកបររថយន្តជិត ៩ម៉ឺនបណ្ណ បណ្ណបើកបរម៉ូតូជិត ៥ពាន់បណ្ណ ចំនួនបណ្ណបើកបរនេះ បើធៀបរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០១៥ មានការកើនឡើងទ្វេដង។ ឆ្នាំ២០១៥កន្លងទៅ ក្រសួងបានផ្តល់បណ្ណបើកបររថយន្ត មានជិត ១០ម៉ឺនបណ្ណ និង បណ្ណបើកបរម៉ូតូមានជាង ៥ម៉ឺនបណ្ណ។ លោក ស៊ុន ចាន់ថុល ក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្នបណ្ណបើកបរប្រមាណ ៨២ម៉ឺនបណ្ណហើយ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ៕