(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានសហការជាមួយក្រុមហ៊ុនហួវៃថេកណូឡជី របស់ចិន ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា (ICT) ដើម្បីពង្រឹង លើកកម្ពស់ ជំរុញនិងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ដែលសំដៅធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលនៅកម្ពុជាមានភាព គ្រប់គ្រាន់ គុណភាព អាចទុកចិត្តបាន និងមានតម្លៃសមរម្យ។
ការសហការរវាងកម្ពុជានិងក្រុមហ៊ុនហួវៃ របស់ចិន តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ០៧ រួមមាន ៖ ១.ការសិក្សាស្តង់ដារបច្ចេកទេស សុវត្ថិភាព និងការសម្របសម្រួលថាមពលពន្លឺព្រះអាទិត្យជាមួយប្រព័ន្ធបណ្តាញ ដើម្បីការពារស្ថិរភាពនៃបណ្តាញអគ្គិសនី ,២.ការសិក្សាបច្ចេកវិទ្យាប្រព័ន្ធអាគុយផ្ទុកថាមពល (Battery Energy Storage System)និងកំណត់ភាគរយសមស្របនៃប្រព័ន្ធអាគុយផ្ទុកថាមពល ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បណ្តាញអគ្គិសនី, ៣.ការសិក្សាប្រព័ន្ធពន្លឺព្រះអាទិត្យទោលដែលមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនី ជាពិសេសសម្រាប់បណ្តាភូមិនិងកោះដែលមិនទាន់មានចរន្តអគ្គិសនីទៅដល់, ៤.ការសិក្សាប្រព័ន្ធគ្រប់គ្រងថ្នាក់ជាតិលើស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងមូល ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងស្ថានីយថាមពលពន្លឺព្រះអាទិត្យទាំងអស់ , ៥.ការសិក្សាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល និងដំណោះស្រាយ ៦.ការសិក្សាបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យាបច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយផ្សេងៗ និង៧.ការសិក្សាលើករណីដែលកើតមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងសមត្ថភាពសម្រាប់ភាពជាដៃគូ។
ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា នាថ្ងៃទី១៧ ខែ វិច្ឆិកានេះ នៅសណ្ឋាគារសូហ្វីតែល លោក ស៊ុយ សែម រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពលបានថ្លែងថា ផែនការនេះនឹងចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៅក្នុងបរិយាកាសឱ្យបានជាអតិបរមា តាមរយៈការបង្កើនចំណែកប្រភពថាមពលស្អាត និងថាមពលកកើតឡើងវិញទៅក្នុងល្បាយនៃផលិតកម្មថាមពលចម្រុះ ព្រមទាំងជំរុញការប្រើប្រាស់ថាមពលឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជំរុញការតភ្ជាប់ខ្សែបញ្ជូនថាមពលក្នុងតំបន់បន្ថែមទៀត ដែលអាចរួមចំណែកដល់បរិបទថាមពលបៃតងផង និងសន្តិសុខថាមពលផង ដែលការងារទាំងអស់នេះ គឺស្ថិតនៅក្នុងទិសដៅអន្តរកាលថាមពលងដែលគ្រប់គ្នាចង់បាននិងស្របទៅតាមនិន្នាការសកលនាពេលបច្ចុប្បន្ន និងអនាគត។
លោកបន្ថែមថា ការចុះអនុស្សារណៈយោគយល់គ្នានេះ នឹងចូលរួមចំណែកដល់ការអនុវត្តផែនការមេអភិវឌ្ឍវិស័យថាមពលអគ្គិសនី ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០៤០ ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបនឹងអនុម័តនាពេលថ្មីៗកន្លងមកនេះ។
លោកប្រសាសន៍ថា៖ «ជាការពិត បញ្ហាថាមពល បញ្ហាអាកាសធាតុ និងបញ្ហាបរិស្ថាន គឺជាបញ្ហាប្រឈមជាកញ្ចប់ សម្រាប់ មនុស្សជាតិនៅក្នុងសម័យកាលថ្មីនេះ។ បរិយាការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុង «ការធ្វើបដិវត្តន៍ថាមពលឱ្យបានលឿន និងប្រកបដោយយុត្តិធម៌និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាសឆ្ពោះទៅការផលិតនិងប្រើប្រាស់ថាមពលកកើតឡើងវិញ និងអនុវត្តវិធានការប្រសិទ្ធភាពថាមពលដោយរក្សានូវការផ្គត់ផ្គង់ថាមពលមួយដែលនៅតែមានភាពគ្រប់គ្រាន់ មានគុណភាពអាចជឿទុកចិត្តបាននិងមានថ្លៃសមរម្យ។ក្នុងការអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ យើងបានរៀបចំផែនការមេអភិវឌ្ឍវិស័យថាមពលអគ្គិសនីសារជាថ្មីពីឆ្នាំ២០២២រហូត ដល់ឆ្នាំ២០៤០ ដោយយើងបានតម្រង់គោលដៅបង្កើនចំណែកនៃថាមពលកកើតឡើងវិញទៅក្នុងល្បាយផលិតអគ្គិសនីនៅកម្ពុជាដល់កម្រិតអតិបរមាដោយរក្សាឱ្យបាននូវសន្តិសុខថាមពលនិងស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលនៅកម្ពុជា។»
លោក ស៊ុយ សែម បានឱ្យដឹងដែរថា នៅចុងឆ្នាំ២០២២ រាជធានីខេត្តទាំង២៥ ទីតាំងសេដ្ឋកិច្ចស្ទើតែទាំងអស់ និងភូមិចំនួន ១៣ ៩២៣ ភូមិ ត្រូវជា៩៨.២៧% នៃចំនួនភូមិទូទាំងប្រទេសទទួលបានការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ។ ចំពោះការភ្ជាប់ចរន្តអគ្គិសនីឱ្យទីតាំងប្រើប្រាស់គ្រប់ប្រភេទ នៅចុងឆ្នាំ២០២២នេះ កម្ពុជាសម្រេចលទ្ធផលបាន៣.៥៣លានទីតាំង ដែលនៅក្នុងនោះការភ្ជាប់ចរន្តឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសម្រេចបាន ៣.២៨ លានខ្នងផ្ទះដែលត្រូវជា ៨៨.៤៤% នៃចំនួនខ្នងផ្ទះសរុបរួចហើយ។
ដោយឡែកគិតនៅចុងឆ្នាំ២០២២នេះដែរ មានភូមិចំនួន ២៤៥ ភូមិ ស្មើនឹង ១.៧៣% ដែលពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ គឺជាភូមិដាច់ស្រយាលគ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាភូមិបណ្តែតទឹក និងជាតំបន់លិចទឹកនៅរដូវវស្សាដែលពិបាកក្នុងការរៀបចំខ្សែបណ្តាញអគ្គិសនីឱ្យទៅដល់។
លោកបន្តថា ទោះបីជាយ៉ាងនេះក៏ដោយរាជរដ្ឋាភិបាលបានខិតខំជួយដោះស្រាយឱ្យលំនៅឋានប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងភូមិដែលនៅសល់ទាំងនោះមានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្នតាមរយៈការផ្តល់ប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ ក្នុងក្របខណ្ឌជំនួយឧបត្ថម្ភនៃកម្មវិធីគាំពារសង្គមរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ និងការវិនិយោគផ្ទាល់ខ្លួនហើយលំនៅដ្ឋានមួយចំនួនទៀតក៏បានប្រើប្រាស់អាគុយដែលមានកន្លែងសាកអាគុយរួមនៅក្នុងភូមិផងដែរ៕