(កំពង់ធំ)៖ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជនងាយរងគ្រោះបំផុត ដូចជា ចាស់ជរា ស្ត្រីម៉េម៉ាយមានកូនច្រើនឥតទីពឹង ចំនួន ១១គ្រួសារ ដោយ៣គ្រួសារ រស់នៅឃុំទួលគ្រើល និង៨គ្រួសារទៀត នៅឃុំសាលាវិស័យ នៃស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ។

លោកស្រីអគ្គលេខាធិការ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយភាពស្និតស្នាល និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលជាអ្នកទទួលផល បានសម្តែងនូវទឹកចិត្តរំភើបស្ទើរស្រក់ទឹកភ្នែកមិននឹកស្មានថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីទាំងអស់ បានយកចិត្តទុកដាក់ចំពោះពួកគាត់ដោយមិនប្រកាន់ទីជិតទីឆ្ងាយ ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ ចំពោះពួកគាត់មានតែម្រាមដៃដប់សូមគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ ដើម្បីដឹកនាំការងារ មនុស្សធម៌បន្តទៀត។

សូមបញ្ជាក់ថាគ្រួសារងាយរងគ្រោះបំផុតទាំង ១១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត ១កញ្ចប់ (សារុង មុង ភួយ ក្រមា អាវយឺត) និងថវិកាមួយចំនួន។

ជាមួយគ្នានោះដែរ ក្រុមការងារបានបន្តចុះសួរសុខទុក្ខ លោកស្រី ឌុក ស៊ីដា អតីតនាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលកំពុងមានជំងឺនៅគេហដ្ឋានរបស់លោកស្រី និងបានជូនថវិកាមួយចំនួនផងដែរ៕