(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តបាត់ដំបង បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យអំឡុងពេលមានសម្ពាធអតិផរណា និងរងផលប៉ះពាល់ដោយទឹកជំនន់។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានលោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង, លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត, លោក អុីវ កុសល ប្រធានមន្ទីរផែនការខេត្ត លោក លោកស្រីអភិបាល ក្រុង ស្រុក ការិយាល័យសង្គមកិច្ចគ្រប់ក្រុង ស្រុកទាំង១៤ និងចៅសង្កាត់ មេឃុំចំនួន១០៣ ក្នុងខេត្តបាត់ដំបងសរុប២៣៤នាក់ ។
លោក ភួង សិទ្ធិ បានបន្តថា វគ្គបណ្ដុះបណ្ដាលស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យអំឡុងពេលមានសម្ពាធអតិផរណា និងគ្រួសារងផលប៉ះពាល់ដោយទឹកជំនន់នាពេលនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព និងពង្រឹងចំណេះដឹងបន្ថែមទាក់ទងទៅនឹងកម្មវិធីជំនួយសង្គមរបស់អង្គការយូនីសេហ្វ (UNICEF) ក្នុងក្របខណ្ឌ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់មន្ត្រីអនុវត្តកម្មវិធីនៅថ្នាក់ក្រោមជាតិដែលមានរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលជាតួអង្គប្រតិបត្តិផ្ទាល់ដ៏សំខាន់។
លោកប្រធានមន្ទីរ នូវបានបញ្ជាក់ថា ក្នុងនាមជាប្រតិបត្តិករនៃវិស័យជំនួយសង្គម មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មានចក្ខុវិស័យ និងបេសកកម្មវែងឆ្ងាយ ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងដើម្បីឆ្លើយតបទៅនឹងយុទ្អសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ព្រោះថាការកសាងប្រព័ន្ធគាំពាសង្គមមួយដែលមានភាពធន ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិយ៉ាងពិតប្រាដក ហើយការវិនិយោគលើវិស័យជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា លើជនងាយរងគ្រោះពិតជាបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព។
លោកស្រី កែវ ដាណា បានថ្លែងថា ដើម្បីឆ្លើយតបនឹងស្ថានការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជុនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណានេះឡើង ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពរបស់គ្រួសាររស់នៅក្បែបន្ទាត់ក្រីក្រដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារ អ្នកផ្ទុកមេរោគអេដស៍ជាដើម ។
លោកស្រី អភិបាលរងខេត្ត បានបន្តថា បញ្ហាទាំងនេះបង្ហាញពីការគិតគូ និងយកចិត្តទុកដាក់ ការដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយក្នុងប្រព័ន្ធគាំពាសង្គម ពិតជាបានកសាង និងជម្រុញប្រព័ន្ធគាំពាសង្គមមួយមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយកាត់បន្ថយ និងទបស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។
លោកស្រីបន្ថែមទៀតថា ដើម្បីឱ្យដំណើរការវគ្គបណ្តុះបណ្ដាលប្រព្រឹត្តិទៅដោយរលូន និងទទួលបាននូវផលិតភាព ក៏ដូចជាសក្ដានុពលក្នុងក្របខណ្ឌ នៃតួអង្គប្រតិបត្តិករនោះ លោកស្រីអភិបាលរងខេត្តសូមផ្ដល់អនុសាសន៍ចំនួន៨ ចំណុចមាន៖
ទី១៖ សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់គ្របបទបង្ហាញ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗបន្ថែមទៀតសម្រាប់យកទៅអនុវត្តការងាររបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់
ទី២៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ជាពិសេសមន្ត្រីប្រតិបត្តិកម្មវិធី បន្ដសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍គ្រប់ជ្រុងជ្រោយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ជាពិសេសក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលមូលដ្ឋាន ដែលជាតួអង្គប្រតិបត្តិករដ៏មានសារៈសំខាន់ និងចាំបាច់ដើម្បីធ្វើត៉ាងណាឱ្យការអនុវត្តកម្មវិធីរបស់យើងកាន់តែប្រសើរឡើង
ទី៣៖ បន្តប្រើប្រាស់នូវចំណេះជំនាញ បទពិសោធន៍ និងយន្តការដែលមានដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តសិទ្ធភាពនៃការអនុវត្តកម្មវិធី
ទី៤៖ បន្តពង្រឹងសមត្ថភាពធនធានមនុស្សតាមរយៈមធ្យោបាយនានា ដើម្បីបង្កើនប្រសិទ្ធភាពការងារ
ទី៥៖ បន្តប្រើប្រាស់យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បីប្រាកដថាកម្មវិធីនឹងដំណើការបានរលូនស្របតាមផែនការ និងលទ្ធផលរំពឹងទុក
ទី៦៖ ស្នើសុំឱ្យប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្តជំរុញការអនុវត្តកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាពឡើង
ទី៧៖ សុំឱ្យលោក លោកស្រី ជាគណៈអភិបាលក្រុង ស្រុក មេត្តាជួយពង្រឹងនូវយន្តការពិនិត្យតាមដានការអនុវត្តកម្មវិធី ជាពិសេសជំរុញ និងលើកទឹកចិត្តមន្ត្រីអនុវត្តកម្មវិធីឃុំ-សង្កាត់
និងទី៨៖ ស្នើសុំគ្រប់សារព័ត៌មានទាំងអស់ បន្តជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្ដីពីការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគ្រួសាររស់នៅក្បែបន្ទាត់ក្រីក្រ។
លោកស្រី កែវ ដាណា មានក្ដីរំពឹង និងជឿជាក់យ៉ាងម៉ុតមាំ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ និងជួយបង្កើននូវចំណេះដឹង និងជំនាញយ៉ាងជាក់លាក់ ដើម្បីធ្វើឱ្យការអនុវត្តកម្មវិធីមានតម្លាភាព គណនេយ្យភាព សុច្ចរិតភាព និងជោគជ័យបំផុត៕