(តាកែវ)៖ ត្រឹមតែរយៈពេល១យប់ប៉ុណ្ណោះ ម៉ូតូ២គ្រឿងដែលម្ចាស់ទុកនៅក្នុងផ្ទះដោយមានរបងបិទជិត ត្រូវបានចោរ២នាក់ ផ្លោះរបងចូលទៅរួចកាត់សោទ្វារពីខាងក្នុង លួចយកទៅបាត់អស់ ខណៈដែលម្ចាស់ផ្ទះកំពុងតែលង់លក់ ក្នុងដំណេក។

សកម្មភាពនេះបានបង្កឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចយ៉ាងខ្លាំងពីបញ្ហាសន្តិសុខ និងសុវត្ថិភាព ជាពិសេសនៅតាមរាត្រីតែម្តង ដោយនៅមុនករណីនេះ១ថ្ងៃ ក៏មានសកម្មចោរកាត់សោចូលលួចម៉ូតូនៅក្នុងផ្ទះមួយកន្លែងទៀត ផងដែរ លុះពេលម្ចាស់ផ្ទះទាន់ ត្រូវចោរបាញ់ប៉ុន្តែសំណាងល្អអត់ត្រូវ។

សកម្មភាព១យប់ចោរលួចម៉ូតូបាត់អស់២គ្រឿងនោះ បានកើតឡើងតាំងពីយប់រំលងអាធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅនៅភូមិថ្នល់បែក​ សង្កាត់រកាក្រៅ​ ក្រុងដូនកែវ​ ខេត្តតាកែវ​ ប៉ុន្តែរហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចមិនទាន់បានបង្ក្រាបក្រុមចោរទាំងនោះបាននៅឡើយទេ។

តាមសេចក្តីរាយការណ៍ដែលអង្គភាពព័ត៌មាន Fres News បានបង្ហាញថា ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ១គ្រឿងម៉ាក​ Honda Scopy ពណ៌ផ្កាឈូកស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ​តាកែវ​ 1K-3165 និង១គ្រឿងទៀតម៉ាក Honda Dream C125 ពណ៌ខ្មៅ​ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ​ តាកែវ​1R -3035 ដែលជាកម្មសិទ្ធិរបស់លោក​វេជ្ជបណ្ឌិត​ ឃឹម​ ធូ​ គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងលោកស្រីសុខ​ តុញ​ ប្រធានផ្នែក​សម្ភពបម្រើ​ការងារ​នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ​ មានទីលំនៅបច្ចប្បន្ន​ ភូមិថ្នល់បែក​ សង្កាត់រកាក្រៅ​ ក្រុងដូនកែវ​ ខេត្តតាកែវ។

តាមសេចក្តីរាយការណ៍ និងតាមបញ្ជាក់សកម្មភាពក្រុមចោរនៅក្នុងវីដេអូបានបង្ហាញទៀតថា នៅវេលាយប់ថ្ងៃកើតហេតុ គាត់បានទុកម៉ូតូទាំង២គ្រឿងនៅក្នុងផ្ទះ ដែលមានរបងបិទជិត និងបានចាក់សោទ្វារត្រឹមត្រូវ បន្ទាប់មក ក៏បានចូលដេករហូតដល់ភ្លឺទើបដឹងថាបាត់ម៉ូតូ។ បន្ទាប់មកបានឆែកកាមេរ៉ាសុវត្ថិភាពមើល បានឃើញចោរមានគ្នា២នាក់ ជិះម៉ូតូទៅឈប់នៅជិតផ្ទះកើតហេតុ បន្ទាប់មកផ្លោះរបងចូលទៅកាត់សោទ្វារផ្ទះពីខាងក្នុង រួចធ្វើសកម្មភាពលួចម៉ូត។

នៅវេលាម៉ោង ១១៖៤៥នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ចោរបានលួចយកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាស្កូបពីបានសម្រេចរួចជិះយកទៅដោយបាត់។ លុះដល់វេលាម៉ោង ២៖៤៥នាទីឈានចូលថ្ងៃទី៩ ខែវិច្ឆិកា គឺចន្លោះពេល ត្រឹមតែ ២ម៉ោងប៉ុណ្ណោះចោរ ដដែលបានត្រឡប់ទៅផ្ទះដដែលនោះម្ដងទៀត រួចលួចយកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ បានសម្រេច១គ្រឿងទៀត និងបានគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។

ទាក់ទងទៅនិងអំពើចោរកម្មនោះ ម្ចាស់ផ្ទះបានស្នើសុំឲ្យសមត្ថកិច្ចខេត្តតាកែវ មេត្តាជួយធ្វើការស្រាវជ្រាវរកម៉ូតរបស់គាត់មកវិញផង ព្រមទាំងជួយវែកមុខរកក្រុមចោរខាងលើនោះយកមកផ្ដន្ទាទោសតាមច្បាប់ផង។

ដោយឡែកកាលពីវេលា​ម៉ោង ​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ផ្ទះមួយស្ថិតនៅក្នុង​ភូមិ​ត្រពាំង​សាលា សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ។ មាន​ចោរ​២​នាក់ បាន​ឡើង​លបចូលទៅធ្វើសកម្មភាព​កាត់​សោ​ទ្វារផ្ទះ​មួយ​កន្លែងលួច​យក​ម៉ូតូ​១គ្រឿង ប៉ុន្តែត្រូវម្ចាស់ទាន់ស្រែកឆោឡោក្រុមចោរក៏បានបាញ់២គ្រាប់តែសំណាងល្អអត់ត្រូវ។

ប្រជាពលរដ្ឋបានប្រាប់ថា ម៉ូតូខាងលើម៉ាក Mslaz មួយ​គ្រឿង ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​1HG 3976 ជាកម្មសិទ្ធិរបស់ឈ្មោះ ហ៊​ន រ៉ា​យុ ភេទប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ទីតាំង​កើតហេត ​ខាងលើ។ នៅយប់កើតហេតុម្ចាស់បានទុកម៉ូតូនៅក្នុងផ្ទះ ហើយ​ក្រុម​ចោរ​ក៏បានកាត់សោទ្វារចូលលួចបានរួចអូស​បណ្តើរ​ម៉ូតូ​ចេញ​សំដៅទៅ​ផ្លូវជាតិ ពេលនោះម្ចាស់បានភ្ញាក់​ពីដំណេកឃើញ​ទាន់ក៏​ស្រែ​កថា «​ចោរ​ៗ»។

ពេលនោះ ចោរទាំងពីរនាក់ បានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកបាញ់ ចំនួន២គ្រាប់ តែមិនត្រូវជនរងគ្រោះនោះឡើយ។ ស្របពេលនោះ ក្រុមចោរ ក៏បានបញ្ឆេះម៉ូតូដែលលួចបានអត់ឆេះ ក៏ផ្តួលម៉ូតូចោល រួចរត់ឡើងម៉ូតូ ១គ្រឿងទៀត មិនស្គាល់ ម៉ាកជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ និងរកឃើញវត្ថុតាងមានបង់កាំភ្លើង ១មានគ្រាប់កាំភ្លើង ចំនួន៤គ្រាប់ សំបកកន្ទុះ២ និងស្បែកជើង១គូផងដែរ។

អសន្តិសុខខ្លាំងបែបនេះ បានបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចខ្លាំងណាស់ និងបានសំណូមពេលដល់សមត្ថកិច្ចមូលដ្ឋានខាងលើគួរតែមានវិធានការធ្វើយ៉ាងណាលុបបំបាត់ឲ្យបាននូវអំពើចោរកម្មលួច ឆក់ ប្លន់ ឲ្យបានផងដើម្បីឲ្យពួកគាត់មានទំនុកចិត្ត និងភាពកក់ក្ដៅ។

ជាមួយគ្នានេះ នៅឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ក៏មានករណីលួចមានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៤នាក់ ប្រុសទាំងអស់ ជិះម៉ូតូ០៤គ្រឿង បានធ្វើសកម្មភាពស្ទាក់វាយ ទៅលើឈ្មោះ យិន ស៊ីម ភេទប្រុស អាយុ៥១ឆ្នាំ ជាសមាជិកភូមិស្រង៉ែ ដោយម្នាក់ស្ទាក់ឆក់ខ្សែក ម្នាក់វាយពីរក្រោយ និងពីរនាក់ទៀតចាំបិទគូទ ហើយជ្រះដាច់ខ្សែក រួចដណ្តើមបានចិញ្ចៀនមាស៥ជី ពេលនោះជនរងគ្រោះតដៃ វាយប្រតាយប្រតប់ពេលនោះជនល្មើសរត់ឡើងម៉ូតូ បន្សល់ទុកទូរស័ព្ទពីរគ្រឿន និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅមួយគ្រឿងសេរីឆ្នាំ២០១៦ សម្ភារៈទាំងនោះរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ឃុំឧត្តមសុរិយា។

ដោយឡែកនៅក្រុងដូនកែវដដែល ក៏មានសកម្មភាពចោរលួចកាត់ខ្សែភ្លើងផងដែរ ប៉ុន្តែកម្លាំងសមត្ថកិច្ចមិនទាន់អាចស្វែងរកចាប់បាននៅឡើយទេ៕