(ព្រៃវែង)៖ អភិបាលស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២២ ក្រោមវត្តមានលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយ ចំនួនទៀត។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជំរុញឱ្យអភិបាលស្រុកថ្មី ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការតែងតាំងនេះ គឺជាការផ្លាស់ប្តូរនូវបទពិសោធ៍ការងារ ដល់មន្ត្រីរដ្ឋបាលស្រុកទាំងពីរផងដែរ។
បើតាមសេចក្តីសម្រេច, លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ ត្រូវបានផ្ទេរមកជាអភិបាលស្រុកកញ្ជ្រៀច ជំនួសលោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកញ្ជ្រៀច ដែលត្រូវផ្ទេរទៅជាអភិបាលស្រុកកំចាយមារ ជំនួសលោក សឿង សុជាតិ វិញ។
លោក ជា សុមេធី បានបន្តណែនាំឱ្យលោកអភិបាលស្រុក ដែលទទូលបានការផ្ទេរភារកិច្ចថ្មី ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងត្រូវបែងចែកតួនាទីភារកិច្ចគ្នាធ្វើការឱ្យបានច្បាស់លាស់ និងត្រូវពង្រឹងបន្ថែមទៀត លើការងារបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចម បង្កើតអោយមានបញ្ហាជាច្រើននៅក្នុងមូលដ្ឋាន។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ស្រុកទាំងអស់ ត្រូវសិក្សាស្វេងយល់ ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយដោះស្រាយជូនពលរដ្ឋអោយបានទាន់ពេលវេលា កុំឱ្យមានការថ្នាំងថ្នាក់ចិត្ត។
ក្នុងឱកាសនោះ លោកអភិបាលស្រុកដែលទើបនឹងតែងតាំងថ្មី បានប្ដេជ្ញាចិត្តគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន, គោរព និងអនុវត្តតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់, សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ, រួមចំណែកក្នុងការបំពេញភារកិច្ចជូនរដ្ឋបាលខេត្ត និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ, ខិតខំបំពេញការងារជូន លោកអភិបាលខេត្ត ក៏ដូចជាប្រធានក្រុមប្រឹក្សាខេត្ត, ស្វែងរកបទពិសោធន៍ការងារបន្ថែម និងផ្តល់នូវបទពិសោធន៍ការងាររបស់ខ្លួនជូនដល់មន្ត្រីក្រោមឱវាទ៕