(ភ្នំពេញ)៖ ស្ត្រីម្នាក់បានសំរេចដាក់ពាក្យបណ្ដឹងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីសុំឲ្យជួយដោះស្រាយវិវាទកម្មសិទ្ធិរួម និងកម្មសិទ្ធិឯកជនរវាងអ្នកស្រីជាមួយលោកឧកញ៉ា ឡោក ហ៊ួរ បន្ទាប់ពីរូបគាត់បានរួមរស់នៅជាមួយគ្នាបានមួយរយៈ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាប្ដីប្រពន្ធពេញលក្ខណៈផ្លូវច្បាប់រួចមក។
យោងពាក្យបណ្ដឹងរបស់អ្នកស្រី ឆោម សោភ័ណ្ឌី មានទីលំនៅផ្ទះលេខ១៦៩ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ប្ដឹងចូលទៅលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះបានស្នើសុំឲ្យជួយអន្តរាគមន៍ ដោះស្រាយវិវាទកម្មសិទ្ធិរួម និងឯកជនស្ថិតនៅភូមិជើងឯក និងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយត្រូវបានអ្នកស្រី មកកាន់ទីស្នាក់ការ និងផ្ដល់មកឲ្យ Fresh News ជួយផ្សាយបានរៀបរាប់ថា អ្នកស្រី និងឧកញ៉ា ឡោក ហ៊ួរ បានរស់នៅជាមួយគ្នាក្នុងឆ្នាំ២០០៥ ដោយមិនមានចុះសំបុត្រអាពាហ៍ពិពាហ៍ ហើយបានទិញដីរួមគ្នាជាច្រើនកន្លែង ដែលដីខ្លះដាក់ឈ្មោះរួម និងដីខ្លះទៀតដាក់ឈ្មោះរៀងៗខ្លួន។
លុះនៅឆ្នាំ២០១២ទើបសំរេចចែកផ្លូវគ្នា ដោយបានព្រមព្រៀងគ្នាបែងចែកដីមួយចំនួន តែក្រោយពីការបែងចែកគ្នា លោកឧកញ៉ា ឡោក ហ៊ួរ បានបដិសេធមិនព្រមដោះស្រាយធ្វើការបែងចែកដីគ្នាទៅតាមការព្រមព្រៀងឡើយ។ ក្រោយមកលោកឧកញ៉ា ឡោក ហ៊ួរ បានសុំស.ជ.ណ លេខ១២២៣ ប្រគល់ដី១៣៨ហិកតាទៅអោយលោកឧកញ៉ាឡោក ហ៊ួរ និង កូនៗរបស់គាត់។ បន្ទាប់បានដឹងពីអត្ថន័យ ស.ជ.ណ ខាងលើរួចមក អ្នកស្រីបានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ទប់ស្កាត់ទៅនឹងសំណើសុំធ្វើបណ្ណកម្មសិទ្ធិ និងធ្វើការអភិវឌ្ឍន៏លើដីកម្មសិទ្ធិរួមទំហំជាង៦៨ហិកតា និងដីកម្មសិទ្ធិឯកជនដែលមានតែឈ្មោះរបស់អ្នកស្រីទំហំជាង៤៨ហិកតា ស្ថិតនៅភូមិជើងឯក និងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ទៅកាន់សាលារាជធានីភ្នំពេញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានី និងសាលាខណ្ឌដង្កោ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការដោះស្រាយនៅឡើយ។
ពាក់ព័ន្ធបណ្ដឹងចោទប្រកាន់ខាងលើនេះ Fresh News នឹងសុំការបំភ្លឺពីលោកឧកញ៉ា ឡោក ហ៊ួរ ជាបន្តទៀត៕