(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ សូមសម្តែងនូវការអបអរសាទរ និងគោរពជូនពរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលទទួលជោគជ័យយ៉ាងត្រចះត្រចង់ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣ នៅកម្ពុជា កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រកម្ពុជាមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំ ចុងក្រោយនេះ។

នាយឧត្តមសេនីយ៍ ជា តារា បានចាត់ទុកថា នេះជាជោគជ័យដ៏ត្រចះត្រចង់នេះ បានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និង កិត្យានុភាពជាតិ ដ៏សម្បើមអស្ចារ្យមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ដែលបានទុក សម្រាប់កូនចៅ ជំនាន់ក្រោយ។ បានឆ្លុះបញ្ចាំងអំពីសមត្ថភាព ឧត្តមភាព ស្មើមុខមាត់ នៅក្នុងតំបន់ និងអន្តរជាតិផងដែរ។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា «យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរគ្រប់រូបសូមអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមអបអរសាទរ ចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលមានសម្តេចតេជោ និងជាប្រធានអាស៊ាន ឆ្នាំ២០២២ កកើតឡើងដោយកត្តាសំខាន់គឺ បានបង្ហាញពិភពលោកថា កម្ពុជា មានសុខសន្តិភាព ពេញលេញ»

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់ថា សន្តិភាពដែលបានមកពី នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ គឺជាឱសថទិព្វបង្កើតបាន សន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីនិងការអភិវឌ្ឍន៍ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលបាននាំមកនូវសន្តិភាព ការបង្រួមបង្រួមជាតិ និងការឯកភាពទឹកដីកម្ពុជា ពុំដែលធ្លាប់កើតមានក្នុងរយៈពេលជាង ៥០០ឆ្នាំនៃប្រវត្តិសាស្រ្តបែកបាក់ជាតិ និងសង្រ្គាមផ្ទៃក្នុងដែលកូនខ្មែរត្រូវដឹងថាតើអ្នកណា ជាស្ថាបនិក នៃសមិទ្ធផលដ៏មហិមាជាប្រវត្តិសាស្រ្តនេះ? តើអ្វីទៅជាសន្តិភាព? តើអ្វីទៅជានយោបាយឈ្នះឈ្នះ? ហើយអ្វីទៅជាមនុញ្ញផលជាប្រវត្តិសាស្រ្តដែលប្រជាជនកម្ពុជាទាំងមូលទទួលបាន ក្នុងរយៈពេល២២ឆ្នាំ នៃសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ពីឆ្នាំ១៩៩៨ ក្រោមការដឹកនាំរបស់សម្តេចតេជោ ជានាយករដ្ឋមន្រ្តី?

ចម្លើយច្បាស់ណាស់ គឺយើងមានសម្តេចតេជោ មានបញ្ញាញាណ មានញាញដឹង ជាមុនប្រៀបដូចជាទេវតា ចាប់ជាតិ ដែលអ្នកដទៃគ្មាន ព្រោះ កត្តា (ព្រហ្មលិខិត វាសនា បញ្ញាញាណ និងរាសី) ដែលបានប្រទានដល់កម្ពុជា មានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ៖

*ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលសម្តេចតេជោ បានបង្កើតកងទ័ព វាយផ្តួលរំលំរបបប្រល័យពូជសាសន៍

*ទើបមានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ បានរំដោះប្រជាជនកម្ពុជា ជប់មនុស្សឱ្យរស់មួយនគរ ដឹកនាំ ចូលរួមអភិវឌ្ឍន៍ផ្តើមពីគំនរផេះផង់ បន្សល់ទុកពីសម័យ ប៉ុល ពត មហាប្រល័យ។

*ផ្តើមពីជំនួបលើកដំបូង ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fere en Tadenois ជាយក្រុងប៉ារីស រវាងសម្តេច ព្រះនរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន និងកិច្ចប្រជុំបន្តបន្ទាប់ គឺពិតជាមានការចរចាយ៉ាងស្វិតស្វាញ និងដ៏ឈ្លាសវៃរបស់តេជោ ហ៊ុន សែន បាននាំមកនូវកិច្ចព្រម ព្រៀងក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ បង្កើតបាននូវរបបរាជានិយមទី២ ប្រជាធិបតេយ្យសេរី ពហុបក្ស និងការបោះឆ្នោតលើកដំបូងរៀបចំដោយអ៊ុនតាក់។

*ក្រោយការចាកចេញរបស់អ៊ុនតាក់ ប្រទេសកម្ពុជាមិនទាន់ទទួលបានសន្តិភាពពេញលេញនោះទេ អាស្រ័យដោយប្រទេសកម្ពុជា នៅតែជាប្រទេសមួយត្រូវបានបែងចែកតំបន់គ្រប់គ្រងមួយភាគធំ ដោយ រដ្ឋាភិបាលស្របច្បាប់ និងមួយភាគតូចស្ថិតក្រោមការត្រួតត្រារបស់ខ្មែរក្រហម ហៅថា កម្ពុជាប្រជាធិប តេយ្យ ដែលនៅមានអង្គការចាត់តាំងនយោបាយ និងយោធា ដែលជាក្បាលម៉ាស៊ីនបន្តសង្រ្គាមនៅក្នុងផ្នែកខ្លះនៃផ្ទៃប្រទេស។នៅក្នុងបរិការណ៍នេះ យុទ្ធសាស្រ្តច្រេះស៊ីដែករបស់ប៉ុល ពត ក៏បានជួបតទល់ ជាមួយនឹងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាវគ្គផ្តាច់ព្រ័ត្រនៃដំណាក់ កាលបង្រួបបង្រួមជាតិ និងការកសាងសន្តិភាពចុងក្រោយរបស់កម្ពុជា នយោបាយឈ្នះឈ្នះល្បីរន្ទឺ លើលោក។

*នៅព្រឹត្តិការណ៍ឆ្នាំ២០០៨ ទប់ទល់នឹងការរំលោភឈ្លានពាននៅតំបន់ប្រាសាទព្រះវិហារ សម្តេច តេជោ បានដឹកនាំដាក់ចេញនូវបទបញ្ជាដ៏មានប្រសិទ្ធភាពការពារបូរណភាពទឹកដី ទទួលបានដោយ ជោគជ័យទាំងវិស័យនយោបាយ យោធា ការទូត និងផ្លូវច្បាប់។

*ព្រឹត្តិការណ៍ឆ្នាំ២០១៧(យុទ្ធសាស្រ្តតេជោ) បានវាយបំបាក់ទាន់ពេលវេលាក្រុមអគតិជ្រុលនិយម ដែលប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា ដែលយើងរកបានដោយលំបាកជាទីបំផុត។

*សម្តេចតេជោ យកបានបេះដូងប្រជាជន, អតីតយុទ្ធជន រួមនិងគោលនយោបាយផ្សេងៗ... ការបោះបង្គោលព្រំដែន។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ បានបន្ថែមថា «នេះហើយដែលយើងខ្ញុំយល់ថា យុទ្ធសាស្ត្រតេជោសែន ជាប្រវត្តិសាស្រ្ត គ្មានពីរ សម្តេចតេជោយកជិវិតទៅសង្គ្រោះប្រទេសជាតិ ផ្ទុយស្រឡះពីពួកអាក្បត់ជាតិទៅកៀងគរ ពឹងពាក់បរទេសមកបំផ្លាញជាតិឯង។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋា ភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលផុសចេញពីឆន្ទៈពិតៗរបស់ប្រជាជន និងដាច់ខាតការពារសមិទ្ធិផលជាសម្បត្តិដ៏មានតម្លៃជាប្រវត្តិសាស្រ្តនេះ ឱ្យបានស្ថិតស្ថរ គង់វង្សយូរអង្វែងតទៅ។ រួមគ្នាប្រឆាំងដាច់ខាតពពួកជនអគតិ ចលនាបដិវត្តន៍ពណ៌ ដែលមានចរិតប៉ុនប៉ងបំផ្លាញសន្តិភាព បំផ្លាញការរស់នៅដោយសុខដុមរម្យនា របស់ប្រជាជនយើង»

បើទោះបីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដោយគ្រូពេទ្យជំនាញឥណ្ឌូនេស៊ី ក៏សុខភាពសម្តេចតេជោ ហ៊ុន សែន មានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។ មិនតែប៉ុណ្ណោះបានបញ្ជាក់យ៉ាង ច្បាស់លាស់ អំពីមូលហេតុមិនបានចូលរួមកិច្ចប្រជុំ តាមរយៈសារទាំងពីរលើករបស់សម្តេចតេជោ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សុទ្ធតែមាន អត្ថន័យខ្លឹមសារយ៉ាងធំធេងជាទីបំផុត ទោះបីសម្តេច តេជោមានបញ្ហាសុខភាពបន្តិចបន្តួច តែសម្តេចនៅតែបន្តធ្វើការជូនជាតិមាតុភូមិនិងប្រជាជន និងតាមដានរាល់សកម្មភាពនៃកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅទីក្រុងបាងកក សរបញ្ជាក់ពីការយកចិត្តទុកដាក់លើ កិច្ចការទូត។

ទោះយ៉ាងណា សម្តេចតេជោ បានសម្រេចជោគជ័យមហាធំធេងរួចទៅហើយ ព្រោះសម្តេចតេជោ ហ៊ុន សែន បានប្រគល់ ញរញួរអាស៊ាន បន្តទៅប្រទេសឥណ្ឌូណេស៊ី រួចស្រេចទៅហើយ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា បារមីថែរក្សាប្រាសាទព្រះវិហារ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ដើម្បីដឹកនាំ ប្រទេសជាតិ ដឹកនាំការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានរុងរឿង ដឹកនាំនាវាកម្ពុជាទទួលបាននូវ កិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕