(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយយសជូនមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងពិការត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២២ សរុបចំនួន១១រូប ដែលចូលនិវត្តន៍តាមប្រព័ន្ធវីដេអូ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, មេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានរំឮកពីវរៈភាពដ៏អង់អាចក្លាហានរបស់យោធិន នៃកងរាជអាវុធហត្ថខេត្ត ចូលសោធននិវត្តន៍ និងពិការ ដែលបានពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ដោយមានការយកចិត្តទុក្ខដាក់ពីនាយឧត្តមសេនីយ៍ សៅ សុខា បេីទោះជាបីជាបងប្អូនយោធិនចូលនិវត្តន៍យ៉ាងណាក៏ដោយ ក្នុងនាមអាវុធហត្ថនៅតែជាគ្រួសារតែមួយ និងនៅបន្តគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ដោយមិនទុកបងប្អូនចោលឡេីយ។
បន្ទាប់ពីបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍ ចំនួន០៨រូប និងពិការចំនួន០៣រូប នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឧបត្ថម្ភថវិកាលេីកទឹកចិត្តជូនយោធិនក្នុងម្នាក់៥០ម៉ឺនរៀល ព្រមជាមួយគ្នានោះចំពោះយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ នៅក្នុងបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យទាំង១១រូប លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានចូលរួមឧបត្ថម្ភថវិកាលេីកទឹកចិត្តក្នុងម្នាក់៤០ម៉ឺនរៀលផងដែរ៕