(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយរូប សុំមិនបញ្ចេញឈ្មោះបានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច នារសៀលថ្ងៃទី១៥ ខែមិថុនានេះថា គុកនៅតែស្វាគមន៍ជានិច្ច ចំពោះអ្នកទាំងឡាយណាដែលធ្វើខុសនឹងច្បាប់របស់កម្ពុជា បើទោះបីអ្នកឯងមិនចង់ក៏ដោយ ក៏ច្បាប់ត្រូវតែនាំអ្នកឯងចូលគុកដែរ។
មន្រ្តីជាន់ខ្ពស់ដដែលរូបនោះ បានទម្លាយឲ្យដឹងទៀតថា ចំពោះញត្តិថ្វាយព្រះមហាក្សត្រ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃរកឃើញ ភាពក្លែងក្លាយកាន់តែច្រើនឡើងៗ មានទាំងកូពី មានទាំងមនុស្សម្នាក់ផ្តិតជាច្រើនដង ដូច្នេះបញ្ហានេះគុកនៅរង់ចាំជានិច្ចអ្នកប្រព្រឹត្តិខុស។
ការថ្លែងប្រតិកម្ម និងព្រមានរបស់មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការលើកឡើងរបស់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិថា នឹងសុខចិត្តដើរចូលគុក បើមានទោស រឿងហែញត្តិថ្វាយព្រះមហាក្សត្រ។
សូមបញ្ជាក់ថា គណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច័យស្នាមមេដៃ ដែលមាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិជាប្រធាន បានបើកការពិនិត្យ និងធ្វើកោសល្យវិច័យលើស្នាមមេដៃនេះ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។ បើតាមនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច័យស្នាមេដៃ បានបញ្ជាក់ឲ្យដឹងថា ទីបំផុតលទ្ធផលលើ ការធ្វើកោសល្យវិច័យលើស្នាមមេដៃ ក្នុងញត្តិរបស់គណបក្សសង្រ្គោះជាតិ (CNRP) បានរកឃើញមានភាពមិនប្រក្រតីជាច្រើន។ នៅក្នុងញត្តិនោះបាន រកឃើញថា មានស្នាមមេដៃតែមួយ បានផ្តិតនៅលើឈ្មោះច្រើននាក់ ហើយស្នាមមេដៃខ្លះទៀតមិនមានអត្តសញ្ញាណច្បាស់លាស់ ហើយខ្លះទៀតមិនបានបញ្ជាក់អាសយដ្ឋាននោះឡើយ។ ដំណើរការធ្វើកោសល្យវិច័យនេះសំរេចបាន ៣០ភាគរយហើយ ដែលអាចឲ្យគណៈកម្មការវាយតម្លៃបានថា ស្នាមមេដៃនៅលើញត្តិនោះមានភាពមិនប្រក្រតី៕