(ភ្នំពេញ)៖ កងពលតូចលេខ៧០ បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលសោធននិវត្តន៍ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចលេខ៧០។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងថា ពលិកម្មប្រកបដោយវីរភាពស្មារតីស្នេហាជាតិរបស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកមេបញ្ជាការកងពល បានបន្តថា ទោះបីពេលនេះអស់លោក លោកស្រី ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទក៏ពិតមែន តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូន និងក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឱ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច។
សូមបញ្ជាក់ថា ក្រៅពីការបំពាក់ឋានន្តរស័កិ្ត និងមេដាយ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឧបត្ថមជូនដល់យោធិនចូលសោធននិវត្តន៍ នូវថវិកា និងគ្រឿងឧបភោគ បរិភោគផងដែរ៕