(ភ្នំពេញ)៖ ក្នុងសារសំឡេងផ្ញើជូនជនរួមជាតិនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតបញ្ជាក់ផងដែរពីមូលហេតុមិនចាត់តំណាង ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 និង APEC។ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កិច្ចប្រជុំទាំងពីរនេះ គឺគេអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះសម្តេចផ្ទាល់តែម្តង មិនមែនអញ្ជើញកម្ពុជានោះទេ ដូច្នេះមិនអាចចាត់តំណាងជំនួសសម្តេចនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់កិច្ចប្រជុំG20 កម្ពុជាមិនមែនជាសមាជិកនោះឡើយ។ ការចូលរួមគឺតបតាមការអញ្ជើញរបស់ឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះកិច្ចប្រជុំ ហើយការអញ្ជើញនោះ គឺអញ្ជើញប្រធានអាស៊ាន ដោយចុចចំឈ្មោះរបស់សម្តេចតែម្តង។ ដូច្នេះសម្តេចមិនមានសិទ្ធិចាត់តាំងនរណាពីកម្ពុជា ដើម្បីជំនួសសម្តេចនោះឡើយ។
សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «សុំកុំមានការភ័ន្តច្រឡំថា ហេតុអ្វីមិនព្រមទុកឱ្យមន្ត្រីជាន់ខ្ពស់នៅជាតំណាង? យើងគ្មានសិទ្ធិតែងតាំងតំណាងពីកម្ពុជានោះទេ ពីព្រោះយើងមិនមែនជាសមាជិកG20 គឺគេអញ្ជើញប្រធានអាស៊ាន គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រីឯយើងជូនទៅឥណ្ឌូននេស៊ី គឺយើងជូនទៅប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ»។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា សម្រាប់កិច្ចសន្ទនាក្រៅផ្លូវ APEC នៅប្រទេសថៃ ក៏ដូចគ្នាផងដែរ គឺនាយករដ្ឋមន្ត្រីថៃ អញ្ជើញប្រធានអាស៊ាន។ ដូច្នេះសម្តេចមិនអាចចាត់តំណាងទៅជំនួសសម្តេចនោះឡើយ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ត្រូវបានប្រទេសឥណ្ឌូនេស៊ី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20 ដែលធ្វើឡើងនៅកោះបាលីពីថ្ងៃទី១៥ ដល់១៦ ខែវិច្ឆិកា។ ក្នុងឋានៈជាប្រធានអាស៊ាន សម្តេចតេជោ ក៏ត្រូវបានប្រទេសថៃ អញ្ជើញចូលកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១៧ ដល់ ១៨ ខែវិច្ឆិកា។
តែដោយសារសម្តេចរកឃើញវិជ្ជមានកូវីដ១៩ ពេលអញ្ជើញទៅដល់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៥ ខែវិច្ឆិកា ដូច្នេះសម្តេចខកខានចូលរួមកិច្ចប្រជុំទាំងពីរខាងលើ និងបានដឹកនាំគណៈប្រតិភូហោះត្រឡប់មកកម្ពុជាវិញ៕