(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ឆមាសទី១ នៃឆ្នាំ២០១៦នេះ ក្រសួងបានផ្តល់បណ្ណបើកបរយានយន្តជូនប្រជាពលរដ្ឋ បានជាង ៩ម៉ឺនបណ្ណ មានការកើនឡើងទ្វេដង បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៥។
ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលប្តូរ និង ពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអននាព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០ ១៦នេះថា បណ្ណបើកបរ ដែលធ្វើនោះ មានបណ្ណបើកបរថយន្តចំនួន ៨៨,៦៧៤បណ្ណ បណ្ណបើកបរម៉ូតូមានចំនួន ៤,៦៨៨បណ្ណ។
បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងឆ្នាំ២០១៥កន្លងទៅ បណ្ណបើកបររថយន្តចំនួន ៩២,៦៣២បណ្ណ និង បណ្ណបើកបរម៉ូតូ ចំនួន ៥,០៧៦បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ ក៏បានឲ្យដឹងផងដែរថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៦នេះ ក្រសួងបានចុះបញ្ជីយានយន្ត បាន ៣១៤,៨០១គ្រឿង ក្នុងនោះរថយន្តមានចំនួន ៣៤,១៤៣គ្រឿង និងម៉ូតូមានចំនួន ២៨០,៦៤៨គ្រឿង។ ដោយឡែកនៅឆ្នាំ២០១៥ កន្លងទៅ យានយន្ត ៣៩៨,៥០២គ្រឿង ក្នុងនោះមានរថយន្តចំនួន ៥៦,៤២៦គ្រឿង និង ម៉ូតូចំនួន ៣៤២,០៧៦គ្រឿង៕