(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា ព្រមជាមួយគណៈសង្ឃនាយក បាននិងកំពុងតាមស្វែងរកព្រះភិក្ខុអគ្គមុន្នី វ៉ា ស៊ីណាន ដែលបានបង្ហោះរូបអាក្រាតកាយ និងវីដេអូសេពកាមលើ Facebook បណ្ដាលឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងតម្លៃព្រះពុទ្ធសាសនានោះ ដើម្បីយកមកអប់រំតាមធម្មវិន័យ នៃពុទ្ធសាសនា។ នេះបើតាមលោក សេង សុមុន្នី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅមុននេះបន្តិច។។
លោក សេង សុមុន្នី បានឱ្យដឹងថា គណៈសង្ឃនាយកទាំង២គណៈ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងធម្មការ ដើម្បីតាមដានស្វែងរកព្រះសង្ឃ វ៉ា ស៊ីណាន យកមកស៊ើបសួរថា មានអាការៈដូចម្ដេច និងចាត់ចែងអប់រំ លើកទឹកចិត្តឱ្យជាសះស្បើយឡើងវិញ ទៅតាមអ្វីដែលជាធម្មវិន័យ នៃព្រះពុទ្ធសាសនា តែបើមិនអាចអប់រំបានទេ ខាងគណៈសង្ឃនឹងអនុម័តគ្នាធ្វើការផ្សឹកព្រះសង្ឃអង្គនេះ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាតទៅទៀត។
លោក សេង សុមុន្នី បានបន្ថែមថា «កន្លងមក គណៈសង្ឃនាយក ក៏បានធ្វើការណែនាំពីធម្មវិន័យ និងបានធ្វើការផ្សព្វផ្សាយជាច្រើនលើកច្រើនសារ រួចមកហើយដែរ ដូចជាការហាមមិនឱ្យសម្ដែងនូវអាការៈមិនសមរម្យ ការជេរប្រមាថ ការបង្កើតជាចលាចល ការដើរធ្វើបាតុកម្ម កុំថាឡើយចេញអាក្រាតកាយ សូម្បីតែមានការលាត់ស្បង់ចីវរ ដែលធ្វើឱ្យបាត់បង់ការជ្រះថ្លារបស់ពុទ្ធបរិស័ទ ក៏មិនឱ្យប្រព្រឹត្តខុសផង នៅសម័យព្រះក៏មានព្រះសង្ឃ ដែលប្រព្រឹត្តអំពើបែបនេះដូចគ្នា តែព្រះពុទ្ធបានធ្វើការអប់រំទៅតាមធម្មវិន័យ និងមានការផ្សឹកផងដែរ ព្រោះបុគ្គលប្រភេទនេះ មិនអាចប្រតិបត្តិនូវព្រះធម៌ ឬធម្មវិន័យបានដូចមុនឡើយ គ្រាន់តែនៅសម័យនោះមិនសូវមានអ្នកណាដឹងច្រើន ព្រោះមិនមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ ដូចបច្ចុប្បន្ន»។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ព្រះភិក្ខុអគ្គមុន្នី វ៉ា ស៊ីណាន បានបង្ហោះរូបភាពអាក្រាត និងថតវីដេអូសេពកាមខ្លួនឯង បង្ហោះលើបណ្ដាញសង្គម Facebook ដែលមានប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទជាច្រើន បានលើកឡើងនូវការរិះគន់ថា បណ្ដាលឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា យ៉ាងខ្លាំងក្លា។
ក្រសួងធម្មការ និងសាសនា ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ សូមកុំឱ្យមានការយល់ច្រឡំលើក្រសួងដែលថា មានការប្រព្រឹត្តខុសបែបនេះហើយ បែរជាមិនមានចំណាត់ការអ្វីនោះ ព្រោះក្រសួងបាននិងកំពុងធ្វើការស្រាវជ្រាវរកព្រះសង្ឃខាងលើ យកមកធ្វើការអបរំហើយ។ ម្យ៉ាងទៀត ក្រសួងក៏អំពាវនាវដល់សាធារណជន ប្រសិនបើបានឃើញព្រះសង្ឃអង្គនេះ សូមផ្ដល់ដំណឹងមកជាបន្ទាន់ ដើម្បីឱ្យក្រសួងចាត់វិធានការ សមស្របតាមធម៌វិន័យព្រះពុទ្ធសាសនា៕