(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលនិស្សិតនារីឆ្នាំទី១ ឱ្យចូលស្នាក់នៅ ចំនួន៨០នាក់។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងដូច្នេះ «សូមជូនដំណឹងដល់និស្សិតនារី ដែលកំពុងសិក្សាតាមរូបភាពអាហារូបករណ៍ និងបង់ថ្លៃនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ថា មជ្ឈមណ្ឌលអន្តេវាសិក និស្សិតនារីមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលនិស្សិតនារីឆ្នាំទី១ ឱ្យចូលស្នាក់នៅសរុបចំនួន ៨០នាក់»

បើតាមសេចក្តីជូនដំណឹងដដែល លក្ខខណ្ឌជ្រើសរើស រួមមាន៖

* ជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនានាក្នុងរាជធានីភ្នំពេញ។
* ជានិស្សិតនារីក្រីក្រ និងនិស្សិតនារីពិការមកពីខេត្តនានា (ភ្ជាប់លិខិតបញ្ជាក់មេភូមិ និងមេឃុំ)
* បេក្ខជនត្រូវនៅលីវ មានវិន័យ និងសីលធម៌ល្អ។

កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ គឺបេក្ខជនត្រូវយកពាក្យមកដាក់សុំស្នាក់នៅដោយខ្លួនឯង នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។

ចំពោះកាលបរិច្ឆេទប្រកាសលទ្ធផល នឹងមានបិទផ្សាយនៅមជ្ឈមណ្ឌលអន្តវាសិកនិស្សិតនារី និងគេហទំព័រផ្លូវការក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣៕