Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីវៀតណាម ហៅកម្ពុជាថា «បងប្អូន» ហើយធានាថា​ ទស្សនកិច្ចរបស់លោក បង្ហាញអំពីមិត្តិ​ភាពយូរ​អង្វែង

15-06-2016 17:02

(ភ្នំពេញ)៖ លោក ត្រាន់ ដាយខ្វាង ប្រធានាធិបតីវៀតណាមដែលទើបឡើងកាន់តំណែង បានហៅប្រទេសកម្ពុជាថា ជាបងប្អូន ហើយធានាអះអាងនៅចំពោះមុខប្រមុខរដ្ឋសភាកម្ពុជាថា ប្រទេសទាំង​ពីរនឹងនៅតែមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។ នេះបើតាម លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្លេចង ហេង សំរិន ដែលនាំពាក្យនៅក្នុងជំនួបរវាង ប្រធានាធិបតីវៀតណាម និងសម្តេចហេង សំរិន នៅរដ្ឋសភា។

ក្នុងជំនួបនោះ លោកត្រាន់ ដាយខ្វាង បានលើកលើងថា ក្នុងនាមជាបងប្អូនផង និងអ្នកជិតខាងផង លោកសង្កេតឃើញថាកម្ពុជារីកចំរើនយ៉ាងឆាប់រហ័ស ទាំងនេះក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ ព្រះករុណា របស់រាជរដ្ឋាភិបាលសម្តេចតេជោ នាយករដ្ឋមន្រ្តី និងការដឹកនាំរបស់ ប្រធានរដ្ឋសភា។

លោក ត្រាន់ ដាយ ខ្វាង បានមកដល់ប្រទេសកម្ពុជា នៅម៉ោងជាង ៤៖០០រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤-១៦ ខែមិថុនា បន្ទាប់ពី​លោក​បានឡើងកាន់តំណែង ជាប្រធានាធិបតីវៀតណាម។

លោក Tran Dai Quang ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតីបន្តពីលោក ត្រឿង តាន់សាង កាលពីដើមខែមេសា ឆ្នាំ២០១៦។ មុនពេលជាប់ឆ្នោតនេះ លោក Quang ធ្លាប់ជារដ្ឋមន្ត្រីសន្តិសុខ​សាធារណៈ របស់ប្រទេសវៀត​ណាម ដែលបានកាន់​តំណែង​តាំងពីឆ្នាំ ២០១១៕