(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ នៅស្រុកប្រាសាទបល្ល័ង្ក ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាព សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណា ដោះស្រាយ និងបន្តអនុវត្តដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យកាន់តែល្អប្រសើរឡើង។

វេទិកានេះប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ឈុន ឈុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ សមជិកក្រុមប្រឹក្សា អភិបាលរងខេត្តកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងតំណាងប្រជាពលរដ្ឋជិត ៣០០នាក់ផងដែរ។

លោក ឈុន ឈុន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើនពីព្រោះប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់តាមរយៈការនិយាយផ្ទាល់មាត់ និងការសរសេរលើក្រដាស ហើយក្រុមប្រឹក្សាខេត្តនឹងធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការពិភាក្សាស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោក ញ៉ឹក បានខេង បានជំរុញដល់មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធធ្វើការពិនិត្យ និងដោះស្រាយតាមយន្តការផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនេះលោកនឹងធ្វើការតាមដានលើការដោះស្រាយបញ្ហាទាំងនេះ យ៉ាងយកចិត្តទុកដាក់បំផុត។

សូមជម្រាបថា សំណើសំណូមពរក្នុងវេទិកាក្រុមប្រឹក្សានៅស្រុកប្រាសាទបល្ល័ង្ក ប្រជាពលរដ្ឋបានសំណូមពររដ្ឋបាលខេត្តជួយទប់ស្កាត់ចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលមិនមានស្ថាប័នច្បាស់លាស់តែងតែដើរទារប្រាក់ពីប្រជាពលរដ្ឋ ធ្វើឲ្យខូចសណ្តាប់ធ្នាប់និងវិជា្ជជីវរបស់ខ្លួន បញ្ហាលើដីសហគមន៍ បញ្ហាដីគម្របព្រៃឆ្នាំ២០០២ ដែលមានផ្ទះនិងដីស្រែតាំងពីយូរយារណាស់មកហើយ ការចាក់ដីនៅតាមលំនៅដ្ឋាន ការស្នើសុំឲ្យជួសជុលផ្លូវដែលបានលិចលង់ដោយសារទឹកជំនន់ទឹកភ្លៀងកាលពីកន្លង ការដាក់លូតាមផ្លូវមួយចំនួន ការស្នើសុំធ្វើស្ពាន ការស្នើសុំចេញប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ ការពន្លឿនការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋ៕