(បន្ទាយមានជ័យ)៖ អគារសិក្សាថ្មីមួយខ្នង មាន៣បន្ទប់ នៅអនុវិទ្យាល័យកូន ស្ថិតក្នុងភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកអូរជ្រៅ មន្ត្រីជាន់ខ្ពស់ សប្បុរសជន, ក្រុមហ៊ុន SOHO Electric និង Merchanical Service Corporation និងអង្គការ CMC Office ជប៉ុន តាមរយៈអង្គការ TDO ប្រចាំខេត្តបាត់ដំបង ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរយនាក់។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា អគារសិក្សា១ខ្នង ស្មើ៣បន្ទប់ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នេះ ជាអំណោយរបស់សប្បុរសជន, ក្រុមហ៊ុន SOHO Electric និង Merchanical Service Corporation និងអង្គការ CMC Office ជប៉ុន តាមរយ:អង្គការTDO ប្រចាំខេត្តបាត់ដំបង។
បើតាមរបាយការណ៍របស់អភិបាលស្រុកអូរជ្រៅ បានឲ្យដឹងថា អនុវិទ្យាល័យកូនត្រីបង្កើតឡើងនៅឆ្នាំ២០០៨ ដែលពេលនោះមាន១ អគារស្មើ៥បន្ទប់ មានបង្គន់អនាម័យ១ខ្នង ស្មើ៣បន្ទប់ អាងទឹកស្តុកទឹក១ សាលប្រជុំ១ខ្នង ជាអំណោយរបស់អង្គការ CMC។ បច្ចុប្បន្ន មានអគារសិក្សា២ខ្នង ស្មើនឹង៨បន្ទប់ ដែលរួមទាំងអគារទី២ មាន៣បន្ទប់ និងតុ កៅអី ក្តារខៀន និងសង្ហារឹមជាអំណោយរបស់អង្គការ CMC ទៀត ដែលសង់កាលពីឆ្នាំ២០២១ ចំណាយថវិកាអស់៦ម៉ឺនដុល្លារ។
ប្រធានអង្គការ CMC បានគូសបញ្ជាក់ថា ការដែលសប្បុរសជន អង្គការ និងក្រុមហ៊ុនជប៉ុនជួយកសាងហេដ្ឋារចនាសម្ព័ន្ធលើវិស័យអប់រំនេះ នៅតាមភូមិ ឃុំ សង្កាត់ ស្រុក ក្រុង នៃខេត្តជាច្រើនកន្លងមក ដើម្បីឲ្យកូនចៅរបស់ប្រជាជនកម្ពុជា បានរៀនសូត្រយកចំណេះមានជំនាញ និងជួយកាត់បន្ថយភាពក្រីក្រ និងជួយឲ្យកូនចៅប្រជាជនមានអនាគតល្អ និងជោគវាសនារុងរឿង និងការជួយសាងសង់អគារសិក្សានេះ គឺមានបំណង់ចង់កូនចៅប្រជាជននៅជនបទបានចូលរៀនសូត្ រដូចអ្នកនៅទីប្រជុំជននិងទីក្រុង ឲ្យមានចំនេះ ជំនាញពិតប្រាកដ។
លោកបណ្ឌិត ស៊ាង ប៊ុនលាង បានលើកឡើងថា អង្គការ CMC របស់ជប៉ុននេះ និងដៃគូជាក្រុមហ៊ុនជាសប្បុរសជនជប៉ុន បានរៃអង្គាសដ៏លំបាកចេញពីញើសឈាម យកមកជួយកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យនានា ពិសេសវិស័យអប់រំក្នុងបំណងជួយប្រជាជនកម្ពុជាឲ្យអនាគតប្រសើរឡើងទៀត។ ជាច្រើនឆ្នាំមកនេះ អង្គការ CMC និងជនជាតិជប៉ុនពាក់ព័ន្ធដែលជាដៃគូ ហើយមានទំនាក់ទំនងជាមួយលោកផ្ទាល់ និងលោកស្រី ហ៊ុន ប៊ុនធឿន (ប្អូនស្រីសម្តេចតេជោ) បានចំណាយថវិកាអស់៩,៨៧លានដុល្លារួចមកហើយ ក្នុងការជួយដល់ប្រជាពលរដ្ឋ។។
លោកបណ្ឌិត ស៊ាង ប៊ុនលាង បានជំរុញលើកទឹកចិត្តឲ្យកូនចៅពលរដ្ឋត្រូវខិតខំរៀនសូត្របន្ថែមទៀត នៅពេលទទួលអគារសិក្សា និងថ្នាក់រៀនថ្មីបន្ថែមទៀតនេះ ហើយអាណាព្យាបាលក៏សូមជួយតាមដានការសិក្សារបស់កូនចៅ ជំរុញឲ្យកូនចៅបានក្លាយជាទំពាំងស្នងឬស្សី បានក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ជាសសរទ្រូងរបស់ប្រទេសជាតិទៅអនាគតផងដែរ៕