(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន៦១នាក់ និងឧបត្ថម្ភស្បៀងអាហារ ជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន ៣៦គ្រួសារ នៅស្រុកប្រាសាទសំបូរ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទសំបូរ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមនឹងប្រជាការពារទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សានៅសុខសន្តិ ភាព សណ្ដាប់ធ្នាប់សង្គមនិងជួយបម្រើប្រជាជនក្នុងឱកាសដែលប្រជាជនកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នាពេលកន្លងមក។

ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល និងបានណែនាំអំពីតួនាទីភារកិច្ច និងសិទ្ធរបស់ប្រជាការពារក្នុងការសហការថែរក្សាសណ្ដាប់ធ្នាប់សង្គម ជូនប្រជាជននៅក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរបន្ថែមទៀត។

លោក ឃឹង នុភាព បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនដែលតែងតែជួយ ដល់បងប្អូនប្រជាពលរដ្ឋនិងអតីតយុទ្ធជន ឲ្យមានផ្ទះសម្បែង និងអាហារហូបចុកប្រចាំថ្ងៃ ជាពិសេសអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ រួមនិងប្រជាការពារដែលបានរួមគ្នាថែរក្សានូវសុខសន្តិភាព និងសណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាននីមួយៗ ព្រមទាំងបានយកចិត្តទុកដាក់បម្រើ និងជួយដោះស្រាយនូវរាល់ការលំបាករបស់ប្រជាជនបានទាន់ពេលវេលា។

នៅក្នុងឱកាសនេះដែរ គណៈអធិបតីបានអញ្ជើញប្រគល់ឯកសណ្ឋានជូនប្រជាការពារចំនួន៦១នាក់ ដែលជាអំណោយរបស់លោក ឃឹង នុភាព និងបានឧបត្ថម្ភស្បៀងអាហារជាអំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ៣៦គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មីជាតិចំនួន០១កេស ត្រីខកំប៉ុងចំនួន០១យួរ និងទឹកត្រី ទឹកស៊ីអ៊ីវចំនួន ២យួរនិងថវិកាមូយចំនួនផងដែរ៕