(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅបរិវេណវត្តក្រែក ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក ក្រោមអធិបតីភាពលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ។

វេទិកានេះ មានការចូលរួម ពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ថ្លែងនាឱកាសនោះ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំង លទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងរយៈពេលកន្លងមក ដើម្បី ឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុងខឹត្តត្បូងឃ្មុំ។

លោក បន្តថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានឆ្លើយនូវបញ្ហាអាទិភាពសំខាន៎ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

លើសពីនេះទៀតនោះ តាមរយៈការសម្របសម្រួលវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួម របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងការលើកឡើងជាសំណើ សំណូមពរ កង្វល់ និងទំនាស់។

ជាមួយគ្នានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក។

ក្រៅពីនោះ វេទិកានេះក៏នឹងផ្តល់នូវឱកាសផងដែរជូនបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ផងដែរ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បី ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរដែលបានស្នើឡើង។

គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានប្រារព្ធ នៅស្រុកពញាក្រែកមានប្រជាពលរដ្ឋចូលរួមលើកសំណើ សំណូមពរ និងកង្វល់ចំនួន៣១ករណី រួមមាន៖​ ផ្លូវ អគ្គីសនី បទល្មើសឆក់ត្រី បញ្ហាគ្រូបង្រៀនគួរ ស្នើធ្វើរបងសាលា សុំអគារសិក្សា បរិស្ថាន វិស័យកសិកម្ម និងអាជីវករលក់ដូរនៅផ្សារស្ទឹង។ ទន្ទឹមនឹងនោះ នៅក្នុងចំណោយសំណើ សំណូមពរ និងកង្វល់ ដែលប្រជាពលរដ្ឋបានស្នើឡើង ក៏ត្រូវបានក្រុមការងារធ្វើការដោះស្រាយជូនភ្លាមៗ នៅនឹងកន្លែងទាំងអស់ផងដែរ៕