(កំពង់ចាម)៖ លោក ឈួរ សុបញ្ញា ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកវគ្គ បណ្ដុះបណ្ដាលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ អំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីការអនុវត្តឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ជូនដល់មន្ត្រីជំនាញ ដើម្បីបង្កើនសមត្ថភាពបន្ថែម។
លោក អ៊ុន ចាន់ដា បានថ្លែងថា ការរៀបចំថ្ងៃនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីប្រតិបត្តិកម្មវិធីក្នុងការត្រៀមលក្ខណៈយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីថ្មីនេះ ឱ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ឆ្លើយតប ទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត បានបន្តថា ផ្អែកតាមការអនុវត្តកម្មវិធីរយៈពេលកន្លងមក មន្ត្រីក្រុង ស្រុក ឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ ទទួលបានបទពិសោធន៍ និងការរៀនសូត្រជាច្រើន ដែលធ្វើឱ្យការអនុវត្តកម្មវិធីកាន់តែ មានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទនៈ។
ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលទាមទារឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ទីរផែនការខេត្ត បន្តចុះកែលម្អបន្ថែមទៀតពិសេសការគាំទ្រ និងការតាមដាន ត្រួតពិនិត្យ ដើម្បីពង្រឹងការអនុវត្តមុខងារ តួនាទី ភារកិច្ចឱ្យកាន់តែមានតម្លាភាពគណនេយ្យ និងសុក្រឹត្យភាពដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ទាំងលក្ខណៈបច្ចេកទេស និងនយោបាយពិសេសការគ្រប់គ្រងករណីមួយដ៏សមស្រប និងមានភាពបទបែនលើគ្រប់ទិដ្ឋភាពសង្គម។
លោក ឈួរ សុបញ្ញា បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីថ្មី ក្នុងចំណោមកម្មវិធីជំនួយសង្គមផ្សេងទៀត នោះគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ពិសេសក្នុងឆ្នាំ២០២២នេះ ផ្អែកតាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឃើញថាខេត្តកំពង់ចាម ជាខេត្តមួយដែលបានអនុវត្តការងារបានល្អ និងមានភាពលិចធ្លោ បើធៀបទៅនឹងក្របខណ្ឌទូទាំងប្រទេស ផ្អែកតាមសមិទ្ធផល វឌ្ឍនភាពជាច្រើន គួរឱ្យកត់សម្គាល់ហើយក៏ជាមោទនភាពរបស់ខេត្តកំពង់ចាម ផងដែរ។
លោកបានគូសបញ្ជាក់ថា ទន្ទឹមនោះមន្ទីរពាក់ព័ន្ធ បានធ្វើការសម្របសម្រួលដល់ដំណើរការនៃការអនុវត្តកម្មវិធី ទាំងតាមក្រុមតេឡេក្រាម ទូរស័ព្ទ និងការចុះមូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យ និងឆ្លើយតបរាល់បញ្ហាផ្សេងៗ ដែលបានកើតមានពិសេសជាងនេះទៀតនោះ គឺមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែម ដល់មន្ត្រីអនុវត្តកម្មវិធី តាមឃុំសង្កាត់ និងមណ្ឌលសុខភាព រៀងរាល់ព្រឹកថ្ងៃអាទិត្យ ដើម្បីឱ្យការអនុវត្តកម្មវិធីដំណើរការដោយរលូន ស្របតាមនីតិវិធី និងគោលការណ៍ណែនាំប្រកបដោយស័ក្ដិសិទ្ធិភាព និងទទួលបានប្រសិទ្ធិភាពខ្ពស់៕