(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មទិញ-លក់អេតចាយក្នុងខណ្ឌ ត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ជាពិសេសមិនត្រូវទិញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាដាច់ខាត ប៉ុន្តែ ប្រសិនក្នុងករណីមានប្រជាពលរដ្ឋយកមកលក់ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីប្រគល់ជូនដល់សុីម៉ាក់ ដើម្បីយកទៅកម្ទេចចោល។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានក្រើនរំឮកបន្ថែមដល់ម្ចាស់ទីតាំងប្រកបអាជីវកម្មទិញ-លក់អេតចាយ ត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ មិនត្រូវស្តុកសម្ភាររបស់ខ្លួនហៀរមកលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ជាដាច់ខាត និងសូមបងប្អូនដែលជាម្ចាស់អាជីវកម្ម កុំធ្វើអ្វីប៉ះពាល់ដល់អ្នកជិតខាង រំខានដល់ការរស់នៅរបស់អ្នកជិតខាង ដូចជាការបង្កសំឡេងឮខ្លាំងៗ ឬការបង្កក្លិនស្អុយ។ល។
លោក ចេង មុនីរ៉ា បានបន្តថា រាល់ការដឹកជញ្ជូន មិនត្រូវដឹកសំពីងសំពោងឡើយ ហើយចំពោះអ្នកបើកបរ ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ បើកបរដោយមានសីលធម៌។ ម្ចាស់អាជីវកម្ម ត្រូវអប់រំណែនាំ បុគ្គលិក និងកម្មកររបស់ខ្លួន មិនឱ្យមានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនឡើយ ។
បន្ថែមពីនេះ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ម្ចាស់អាជីវកម្មត្រូវអប់រំណែនាំបុគ្គលិក និងកម្មកររបស់ខ្លួន មិនឱ្យប្រព្រឹត្តល្បែងសុីសងគ្រប់ប្រភេទ។
លោកបានបញ្ជាក់ថា ចំពោះមូលដ្ឋានអាជីវកម្ម ដែលពុំទាន់មានលិខិតអនុញ្ញាត ត្រូវស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន។ រដ្ឋបាលខណ្ឌទុករយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃប្រជុំណែនាំនេះតទៅ ដើម្បីឱ្យបងប្អូនម្ចាស់អាជីវកម្ម ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម៕