(បាត់ដំបង)៖ លោកស្រី ញ៉ែម សាខន សខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងចែអំណោយមនុស្សធម៌ដល់ពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារមកពី ១០សង្កាត់ ក្នុងក្រុងបាត់ដំបង។
លើកឡើងនាឱកាសនោះ លោក ស សុខា ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរៀងរហូតមក ហើយក្រុមការងារតែងបានចុះធ្វើសកម្មភាពការងារមនុស្សធម៌នេះជាបន្តបន្ទាប់ នៅតាមបណ្តាក្រុងស្រុកផ្សេងទៀត ក្នុងខេត្តបាត់ដំបងបានជាច្រើនគ្រួសារ កន្លងមក។
លោក ស សុខា បានអំពាវនាវដល់ពលរដ្ឋទាំងអស់ថា សូមជួយក្នុងការទប់ស្កាត់ការធ្វើចរាចរ ក៏ដូចជាការចែកចាយគ្រឿងញៀននៅតាមសហគមន៍ បន្ថែមលើការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល។ ជាពិសេសសូមនាំកូនចៅដែលបានចាក់វ៉ាក់សាំងការពារនៃជំងឺកូវីដ១៩ ខ្លះហើយ ត្រូវចាក់ដូសបន្តគឺដូសទី៣ ទី៤ និងទី៥បន្ថែមទៀតឲ្យបានគ្រប់ៗគ្នាព្រោះជំងឺកូវីដមិនទាន់បាត់ទៅណាចោលយើងនៅឡើយទេ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនពលរដ្ឋក្រីក្រទាំង ៥០០គ្រួសារ មក១០សង្កាត់ ក្នុងក្រុងបាត់ដំបង ដោយក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, ត្រីខកំប៉ុង១យួរ, មី១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ៕