(កណ្ដាល)៖ នគរបាលខេត្តកណ្តាល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្រោយមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយកម្លាំងនគរបាលខេត្តកណ្ដាល ចុះឃាត់ខ្លួនពាក់ព័ន្ធករណីកិបកេងប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩ ជាង៧០លានរៀល។
សូមជម្រាបថា ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម។
សមត្ថកិច្ចបានបញ្ជាក់ថា ស្មៀនសង្កាត់តាខ្មៅ បានធ្វើការមិនប្រក្រតីទៅលើបណ្ណចំនួន១៨ ដែលលួចដកហូតប្រាក់សម្រាប់ការចាយវាយខ្លួនឯង ដែលកិច្ចការនេះប្រជាពលរដ្ឋបានប្ដឹងទៅក្រសួងសង្គមកិច្ច ហើយលោក ឈួរ សុបញ្ញា ក៏បានចុះមកអង្កេត និងរកឃើញថា លោកស្មៀនពិតជាបានប្រព្រឹត្តកំហុសពិតមែន។
ភ្លាមៗនោះលោក ឈួរ សុបញ្ញា បានបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនលោកស្មៀនសង្កាត់តាខ្មៅភ្លាមៗ និងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី ហើយថ្ងៃនេះ លោកស្មៀនត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយហើយ៕