(ពោធិ៍សាត់)៖ លោក ចេង ឡៃ អភិបាលខេត្តស្តីទី និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តំណាងលោក ជាវ តាយ អភិបាលខេត្ត បានស្តីបន្ទោសនូវភាពឆកល្វែង យឺតយ៉ាវរបស់មន្ទីរ ដ.ន.ស.ស ខេត្ត ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមិនត្រូវទុកឯកសារគេចោលរាប់ខែនោះទេ ត្រូវខិតខំធ្វើបញ្ចេញ។
ជាមួយគ្នានោះ អភិបាលខេត្តស្តីទី ក៏ស្នើឱ្យពង្រឹងធនធានមនុស្សក្នុងមន្ទីរបន្ថែម និងត្រូវខិតខំចុះបញ្ជីដីរដ្ឋ ព្រមទាំងដោះស្រាយរាល់បញ្ហាចាំបាច់ និងបន្ទាន់មុនគេ ដូចជាដីតំបន់៣ ដែលមានគោលការណ៍ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវចាត់ចែងចេញបណ្ណឱ្យបានឆាប់រហ័ស ដើម្បីជាមុខមាត់ខេត្ត ក្នុងការអញ្ជើញថ្នាក់ដឹកនាំមកចែកបណ្ណឱ្យបានមុនគេ។
ការស្តីបន្ទោសបែបនេះ របសលោក ចេង ឡៃ បានធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអង្គភាពដែលមានការពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីថ្នាក់ដឹកនាំ អភិបាលក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធនានា បានរាយការណ៍ពីសកម្មភាពការងារ និងបញ្ហាប្រឈមជូនអង្គប្រជុំនោះរួចមក, ក្នុងនាមតំណាងអភិបាលខេត្ត និងក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ចេង ឡៃ បានមានមតិបូកសរុប និងដាក់ផែនការរួម ដូចខាងក្រោម៖
ទី១៖ លោកសូមកោតសរសើរ ដល់ការអនុវត្តការងារកន្លងមក គ្រប់បទល្មើសគឺមានការថយចុះ សូមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត
ទី២៖ នាពេលខាងមុខ នឹងមានការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមមន្ត្រីដែលពាក់ព័ន្ធ សហការយកបទពិសោធន៍កន្លងមក ដើម្បីឱ្យដំណើរការប្រឡងទទួលបានជោគជ័យ
ទី៣៖ សូមកោតសរសើរ ដល់លេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ដែលបានខិតខំធ្វើការងារកន្លងមក និងសូមឱ្យមានកិច្ចសហការល្អ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២
ទី៤៖ ចំពោះបញ្ហាក្មេងទំនើង ត្រូវចាត់វិធានការបន្ទាន់ ដោយសុំគោលការណ៍មកអភិបាលខេត្ត ឬព្រះរាជអាជ្ញា
ទី៥៖ ចំពោះបញ្ហាហ្វូងគោអនាធិបតេយ្យ ជារឿងប្រឈមក្នុងសង្គមបច្ចុប្បន្ន ដែលកើតមានដដែលៗ ធ្វើឱ្យប្រជាពលរដ្ឋស្អប់ខ្ពើម ដូច្នេះសូមស្នើដល់លោកអភិបាលរងខេត្ត ដឹកនាំចាត់វិធានការបង្ក្រាប និងត្រូវរកទីតាំងរក្សាទុកគោដែលចាប់បាន ដើម្បីដោះស្រាយតាមក្រោយ។
ទី៦៖ ចំពោះបញ្ហាអ្នកសុំទាន ស្នើសុំចាត់វិធានការរកមេខ្យល់ ដែលដឹកជញ្ជូនក្រុមអ្នកសុំទាននោះមក ពេលមានបុណ្យជាតិម្តងម្កាល។
ទី៧៖ ជុំវិញបញ្ហាសន្តិសុខ «គ្រឿងញៀន» គឺមានការថយចុះ ក៏ប៉ុន្តែទីតាំងល្បែងស៊ីសង ក៏អាចជាកន្លែងចែកចាយក៏ថាបាន។
ទី៨៖មបទល្មើសនេសាទនៅតែមាន ក្នុងកម្រិតតូចតាច សូមស្នើឱ្យខិតខំបង្ក្រាបធ្វើយ៉ាងណាកុំឱ្យមានច្រើន។
ទី៩៖ បញ្ហាសុរិយោដី គឺមានការឆកល្វែង យឺតយ៉ាវ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏ស្នើឱ្យពង្រឹងធនធានមនុស្សក្នុងមន្ទីរបន្ថែម និងត្រូវដោះស្រាយរាល់បញ្ហាចាំបាច់ និងបន្ទាន់មុនគេ ដូចជាដីតំបន់៣ ដែលមានគោលការណ៍ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវចាត់ចែងចេញប័ណ្ណឱ្យបានឆាប់រហ័ស ដើម្បីជាមុខមាត់ខេត្ត ក្នុងការអញ្ជើញថ្នាក់ដឹកនាំមកចែកប័ណ្ណឱ្យបានមុនគេ។
ជាមួយគ្នានោះ រឿងចុះបញ្ជីដីរដ្ឋ ត្រូវធ្វើជាបន្តបន្ទាប់ ដូនភ្លៀងរលឹម មិនត្រូវអាក់ខាននោះឡើយ ដូចរឿងដីវ៉ារីអគ្គិសនីស្ទឹងអាតៃ និងដីរបស់កងទ័ព។ រីឯដីទំនាស់ គឺកើតមានច្រើនតាមបណ្តាក្រុងស្រុក ដូចនេះរដ្ឋបាលក្រុងស្រុក ត្រូវដោះស្រាយតាមលទ្ធភាព មិនមែនយកគ្រប់រឿងមកដោះស្រាយនោះទេ រឿងខ្លះត្រូវច្រានចោល។ ហើយមន្ទីរបរិស្ថាន ត្រូវខិតខំពង្រឹងការងារគ្រប់គ្រងដី ក្រោមរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន។
ទី១០៖មរាល់សំណង់ដែលគ្មានច្បាប់ រដ្ឋបាលក្រុងស្រុក ត្រូវជម្រុញដល់ពលរដ្ឋ ឱ្យធ្វើច្បាប់ និងត្រូវគ្រប់គ្រងឱ្យខាងតែបាន ក្នុងការពង្រឹងបន្ថែម ជាមួយនឹងការផ្តល់សេវាសាធារណៈជូនពួកគាត់ឱ្យបានល្អប្រសើរ។
ទី១១៖ ទាក់ទងនឹងការជួញដូរមនុស្ស ជាក់ស្តែងនៅតំបន់អភិវឌ្ឍន៍ថ្មដា គឺមានពិតមែន ដូច្នេះយើងត្រូវយកចិត្តទុកដាក់ និងត្រូវរឹតបណ្តឹងគ្រប់ជនជាតិ ទាំងការជួលផ្ទះ និងស្នាក់នៅ។
ទី១២៖ កន្លែងចញ្ចឹមស្វា ចាំបាច់ត្រូវធ្វើអាងចម្រោះលាមកស្វា ឱ្យបានសមរម្យ ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅជុំវិញនោះ
ទី១៣៖ ជុំវិញការស្តារហេដ្ឋារចនាសម្ព័ន្ធ មន្ទីរជំនាញ ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរសាធារណៈការ ពិតមានលទ្ធភាពពិសេសមួយ ក្នុងការស្នើទៅសាម៉ីក្រសួង ឬ ADB ដើម្បីឱ្យជួយជុល ឬស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនោះឡើងវិញ ជាក់ស្តែងដូចគ្រោះទឹកជំនន់កាលពីពេលកន្លងទៅ។
លោកក៏សូមឱ្យរក្សានូវអ្វីដែលធ្លាប់ទទួលបានលទ្ធផលកន្លងមក និងសូមឱ្យបន្តសាមគ្គី កុំមើលបំណាំគ្នា ធ្វើយ៉ាងណាឱ្យទទួលបានការសាទរពីមហាជន៕