(ភ្នំពេញ)៖ ភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា (EDC) ដែលជាស្ថាប័នផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិ ក្នុងការអភិវឌ្ឍឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ១00 មេហ្គាវ៉ាត់ (MW) បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ជាមួយ នឹងរោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ (PV) ៦0 មេហ្គាវ៉ាត់ដំបូងរបស់ខ្លួន ដែលកំពុងតភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីជាតិ។ ប្រធាន ADB លោក Masatsugu Asakawa បានប្រារព្ធឱកាសនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យខាងលើ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ដែលក្នុងពេលនោះ គាត់បានចុចកុងតាក់ ដើម្បីចាប់ផ្តើមបញ្ជូនថាមពល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Asakawa បានថ្លែងថា «ការផលិតថាមពលពន្លឺព្រះអាទិត្យត្រូវតែជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានថាមពល ដែលមានតម្លៃសមរម្យ និងការ ផ្លាស់ប្តូរទៅកាន់ថាមពលស្អាតជាងមុនផងដែរ។ ADB មានសេចក្តីសោមនស្សរីករាយដែលបានគាំទ្រដល់ ការបង្កើតឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដែលជាគម្រោងដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អាស៊ីអាគ្នេយ៍ទាំងមូល»

គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ បានបង្ហាញពីសក្តានុពលក្នុងការអភិវឌ្ឍថាមពល ពន្លឺព្រះអាទិត្យទ្រុងទ្រាយធំ ដោយប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា តាមរយៈការប្រមូលធនធានពីវិស័យ សាធារណៈផងនិងឯកជនផង។ ក្នុងគម្រោងនេះ ការដេញថ្លៃដោយប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ត្រូវបានរៀបចំឡើង ដើម្បីដាក់ដេញថ្លៃគម្រោងផលិតថាមពលអគ្គិសនីទៅឱ្យវិស័យឯកជន ជាពីរដំណាក់ កាលគឺ ៦០ មេហ្គាវ៉ាត់ និង ៤០ មេហ្គាវ៉ាត់។

ADB បានផ្តល់ការគាំទ្រគ្រប់ដំណាក់កាលសម្រាប់គម្រោង។ ការគាំទ្រនេះរួមបញ្ចូលទាំងការ ផ្តល់ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងបញ្ជូនអគ្គិសនី ផ្លូវថ្នល់ និងប្រព័ន្ធលូ ជំនួយប្រឹក្សាប្រតិបត្តិការ និងការប្រឹក្សា ដល់ EDC លើធាតុផ្សំនៃការវិនិយោគឯកជនក្នុងគម្រោង រួមទាំងការជ្រើសរើសផ្នែកឯកជនសម្រាប់ ជា ក្រុមគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធ និងការកៀរគរហិរញ្ញប្បទានពីវិស័យឯកជនសម្រាប់ការសាងសង់ រោងចក្រផលិតថាមពលអគ្គិសនី ៦០ មេហ្គាវ៉ាត់នេះ។

ដំណាក់កាលទី១ នៃការដេញថ្លៃ (សម្រាប់ ៦0 មេហ្គាវ៉ាត់ ដំបូង) ត្រូវបានរៀបចំក្នុងឆ្នាំ២០១៩ និងបានទៅក្រុមហ៊ុន Prime Road Alternative។ ដំណើរការនេះមានតម្លៃទាបបំផុតសម្រាប់ ក្នុង ចំណោមការតភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីអាគ្នេយ៍ គឺក្នុងតម្លៃ ០,០៣៩ ដុល្លារ ក្នុងមួយ គីឡូវ៉ាត់ម៉ោង (kWh)។ ការផលិតថាមពលអគ្គិសនី ៤០ មេហ្គាវ៉ាត់ទៀត ត្រូវបានដេញថ្លៃនៅឆ្នាំ ២០២២ និងបានទៅក្រុមហ៊ុន Trina Solar Co. Ltd។ ដំណើរការនេះមានតម្លៃលទ្ធកម្មកាន់តែទាបគឺ០,០២៦ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង។

លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា «ADB គឺជាតួអង្គដំបូងមួយ ដែលជួយកម្ពុជាបង្កើនលទ្ធភាពប្រើប្រាស់បណ្តាញអគ្គិសនីតាមផ្ទះពី ១៧% ក្នុងឆ្នាំ ២០០៨ ដល់ជិត ៩០% ក្នុងឆ្នាំ ២០២១ ហើយក៏បានជួយកាត់បន្ថយថ្លៃអគ្គិសនីទូទាំងប្រទេសផងដែរ។ ADB គឺជាដៃគូអភិវឌ្ឍន៍ដំបូងគេរបស់កម្ពុជាដែលផ្តល់មូលនិធិដល់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យទំហំ ១០ មេហ្គាវ៉ាត់ នាពេលកន្លងទៅនេះ ហើយជាមួយនឹងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យថ្មីនេះ ADB ស្ថិតនៅជាមួយកម្ពុជាម្តងទៀត ក្នុងការបង្កើនការផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសដល់ជាង ១០% នៃការផ្គត់ផ្គង់ថាមពលសរុប»

ជាមួយនឹងការបន្តគាំទ្ររបស់ ADB រួមទាំងការផ្តល់សេវាប្រឹក្សាប្រតិបត្តិការជាមួយ EDC ដើម្បីជួយ អភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ ប្រទេសកម្ពុជានឹងមានលក្ខខណ្ឌចាំបាច់សម្រាប់ ការផ្លាស់ប្តូរ ទៅរក ថាមពលកាន់តែស្អាត និងប្រកបដោយនិរន្តរភាព។ នៅក្នុងផែនការមេសម្រាប់ ការអភិវឌ្ឍ ថាមពល (២០២១-២០៤០)ដែលកម្ពុជាបានអនុម័តនាពេលថ្មីៗនេះ (ដែលត្រូវបានបង្កើតឡើងដោយ ជំនួយបច្ចេកទេសពី ADB) វិភាគទាននៃថាមពលពន្លឺព្រះអាទិត្យ នៅក្នុងប្រទេសត្រូវបានរំពឹងថានឹង កើនឡើងដល់ ១.០០០មេហ្គាវ៉ាត់ នៅឆ្នាំ ២០៣០ និងលើសពី ៣.០០០ មេហ្គាវ៉ាត់ នៅឆ្នាំ២០៤០។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕