(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ៦៦៦ ថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ភ្លាមៗនោះលោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យនៅគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ចេញជួយអន្តរាគមន៍សង្គ្រោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ដោយសារតែទីតាំងឆាបឆេះពិបាកក្នុងការអន្តរាគមន៍ ដោយសារតែស្ថានភាពផ្លូវនៅចំណុចខាងលើនោះតូចចង្អៀតពិបាកឲ្យរថយន្តពន្លត់អគ្គិភ័យ ចូលទៅអន្តរាគមន៍ដល់គោលដៅ។ ជាក់ស្ដែង កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ត្រូវធ្វើការអូសទាញទុយោទឹកចូលទៅកាន់ទីតាំងដែលកំពុងតែឆាប់ឆេះនោះ ដើម្បីធ្វើការបាញ់ពន្លត់ទប់ស្កាត់មិនឲ្យមានអណ្ដាតភ្លើងឆាបឆេះរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកើតហេតុ។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៩ឡាន, រថយន្តជំនួយមកពី រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន និងរថយន្តពន្លត់អគ្គិភ័យផ្សារទំនើប អូឡាំងព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។

ចំពោះករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ធ្វើឲ្យខូចខាតផ្ទះអស់ចំនួន៦ខ្នងទាំងស្រុង ដែលសង់អំពី ថ្មក្រោមឈើលើ តែមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតនោះឡើយ។

លោករសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ចរន្តអគ្គិសនីដូចជាការចាកចេញពីលំនៅដ្ឋាន ត្រូវតែបិទប្រឡែតភ្លើងឲ្យបានត្រឹមត្រូវ មើលភ្លើងធូក ភ្លើងទៀន។ល។ មុននឹងធ្វើការចាកចេញពីលំនៅដ្ឋាន៕