(ព្រះវិហារ)៖ បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅតែបន្តយ៉ាងសស្រាក់សស្រាំ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងសម្រាប់មនុស្សគ្រប់ៗគ្នា ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ជួយសង្គ្រោះដោយមិនរើសអើង។

ដោយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយគណៈកម្មាធិកា និងក្រុមប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះនាំយកថ្នាំពេទ្យចំនួន ៥មុខ ទៅប្រគល់ជូនដល់មណ្ឌលសុខភាពត្បែងមានជ័យ នៅខេត្តព្រះវិហារ ដើម្បីរួមចំណែកលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋនៅតាមសគមន៍ដាច់ស្រយាល។

លោកស្រីអគ្គលេខាធិការ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលគិតគូរពីរសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងថ្លែងអំណរគុណចំពោះបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយមើលថែទាំប្រជាពលរដ្ឋ ដែលមានតម្រូវការសេវានៅមណ្ឌលសុខភាពដោយឥតគិតថ្លៃ។

ទន្ទឹមនឹងនេះលោកស្រីមានប្រសាសន៍បន្ថែមថា «ក្នុងនាមកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនផលិតឱសថនៃប្រទេសបារាំង Bailly-Creat Laboratory ដែលបានផ្តល់ជូនថ្នាំពេទ្យ ដល់កាកបាទក្រហមកម្ពុជានាពេលនេះ ដែលបន្តចែកជូនដល់ មណ្ឌលសុខភាពនៅតាមតំបន់ដាច់ស្រយាល ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិយើងប្រកបដោយភាពសុខដុមរមនា»

សូមបញ្ជាក់ថា មណ្ឌលសុខភាពទទួលបានថ្នាំពេទ្យរួមមាន ៖ Amox ៥កេស,Cotrim Fort ១កេស, Alominium Hydro Xide ៥កេស, Pulmoserum Dexane (200ml) ៣កេស, Metronidazole ១កេស។

បន្ទាប់មកលោកស្រីអគ្គលេខាធិការ រួមជាមួយប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានបន្តដំណើរចុះសួរសុខទុក្ខ ស្ត្រីទើបសម្រាលកូនរួច ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើនដែលមានជីវភាពខ្វះខាតនៅតាមខ្នងផ្ទះចំនួន ១០គ្រួសារបន្ថែមទៀត នៅ ភូមិភារកិច្ច សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយបាននាំយកនូវអំណោយមនុស្សធម៌រួមមាន៖ ឃីតចំនួន១កញ្ចប់, អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីវ១យូរ និងថវិកាមួយចំនួនសម្រាប់១គ្រួសារៗផងដែរ ៕