(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំប្រតិភូ និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាមួយក្រុម ជួបពិភាក្សា ស្ដីពីការអភិវឌ្ឍច្រកព្រំដែនអន្ដរជាតិជាំ-ស្រងាំ ស្ថិតក្នុងស្រុកអន្លង់វែង ជាមួយលោក ថាវ៉ាត់ សូរ៉ាបាន អភិបាលខេត្តស៊ីសាកេត នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៦នេះ។
ក្នុងកិច្ចពិភាក្សានោះ ផ្ដោតសំខាន់លើការអភិវឌ្ឍច្រកព្រំដែនអន្តរជាតិជាំ-ស្រងាំ ឲ្យមានសោភណ្ឌភាព។ ក្នុងនោះមាន ការលើកទង់ជាតិ នៃ ប្រទេសទាំងពីរនៅមាត់ច្រកទ្វារ និងសម្រួលផ្លូវធ្វើដំណើរសម្រាប់ភ្ញៀវចេញចូលតាមមាត់ច្រក ព្រមទាំងលើកស្លាកសរសេរជាអក្សរជាតិ នៃ ប្រទេសទាំងពីរ នៅមាត់ច្រកព្រំដែន។ ជាពិសេសបញ្ហាសេសសល់ខេត្តទាំងពីរនឹងរួមគ្នាដោះស្រាយនៅពេលក្រោយទៀត។
សូមបញ្ជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អភិបាលខេត្តប្រទេសទាំងពីរ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំង ពីរ ច្រកព្រំដែនអន្តរជាតិជាំ-ស្រងាំ បានប្រែក្លាយមុខមាត់ថ្មីសាកសមជាច្រកព្រំដែនអន្តរជាតិ ដោយបានដាក់អូស្កូសម្រួលការបំពេញការងារ របស់មន្ត្រីខ្មែរ និងបានពង្រីកផ្លូវជាដើម៕