(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានថ្លែងអំណរព្រះរាជគុណចំពោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ចំពោះព្រះរាជសារព្រះរាជទានពររបស់ព្រះអង្គ សូមឲ្យសម្តេចឆាប់ជាពីជំងឺកូវីដ១៩ និងមានសុខភាពល្អបរិបូរណ៍។

តាមរយៈសារសំឡេងក្រោយត្រឡប់ពីប្រទេសឥណ្ឌូនេស៉ី ទីដែលសម្ដេចត្រូវបានរកឃើញវិជ្ជមានជំងឹកូវីដ១៩ មុនចូលរួមកិច្ចប្រជុំ G20 នោះ, សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះថ្នាក់ដឹកនាំតាមបណ្ដាក្រសួង ស្ថាប័ន ព្រះសង្ឃ មន្ដ្រីរាជការ និងបងប្អូនជនរួមជាតិទាំងអស់ ដែលបារម្ភអំពីស្ថានភាពសុខភាព និងជូនពរឲ្យសម្ដេចឆាប់ជាសះស្បើយពីជំងឺមួយនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ក៏ដូចជាហ្លូងម៉ែ ដែលប្រទាននូវព្រះរាជសារប្រទានពរ ចំពោះទូលព្រះបង្គំជាខ្ញុំ ដើម្បីឆាប់ជាសះស្បើយ។ ហើយក៏ថ្លែងអំណរព្រះគុណ អរគុណចំពោះព្រះសង្ឃគ្រប់អង្គ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋដែលបានព្រួយបារម្ភអំពីសុខភាពរបស់ខ្ញុំព្រះករុណាខ្ញុំ និងបានជូនពរដល់ខ្ញុំព្រះករុណាខ្ញុំ ដើម្បីឆាប់ជា»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ពីការតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចតេជោ ហ៊ុន សែន ដើម្បីសុវត្ថិភាពប្រតិភូ សម្តេចបានសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់មកកម្ពុជាវិញទាំងអស់ ហើយសម្រាប់ឯតំណាងប្រទេសអាស៊ាន កំពុងចរចាប្រគល់ជូនឥណ្ឌូនេស៉ីជាតំណាងតែម្តង។

ក្រោយទទួលបានព័ត៌មានថា សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានោះ ព្រះមហាក្សត្រ និងហ្លូងម៉ែ ក៏បានព្រះរាជសារជូនពរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យឆាប់ជាពីជំងឺកូវីដ១៩ និងមានសុខភាពល្អបរិបូរណ៍។ ក្រៅពីនេះ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ តាមបណ្ដាក្រសួង ស្ថាប័ន ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានបង្ហាញនូវការព្រួយបារម្ភ និងសូមជូនពរឲ្យសម្ដេចឆាប់ជាសះស្បើយ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរឆ្ពោះទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក៏ប៉ុន្តែដោយសារតែការធ្វើតេស្តឃើញមានវិជ្ជមានកូវីដ-១៩ ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្រេចចិត្តដឹកនាំគណៈប្រតិភូត្រឡប់មកកាន់មាតុប្រទេសវិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា ទោះបីជាការធ្វើតេស្តបង្ហាញលទ្ធផលវិជ្ជមានយ៉ាងណាក៏ដោយ ក៏ប៉ុន្តែពេលនេះសុខភាពរបស់សម្ដេច គឺធម្មតា មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ទោះបីជាសម្ដេចវិជ្ជមានកូវីដ-១៩ក៏ដោយ ក៏ការងារមួយចំនួន សម្ដេចនៅតែបន្តធ្វើលើកលែងតែការងារដែលត្រូវជួបភ្ញៀវតែប៉ុណ្ណោះ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/114230