(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ថា គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សរុបជាង ៤០នាក់ បន្ទាប់ពីធ្វើតេស្តរហ័សមិនមានអ្នកវិជ្ជមានកូវីដ១៩នោះទេ។

នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកស្រី យក់ សម្បត្តិ បានដឹកនាំក្រុមគ្រូពេទ្យ៣ក្រុម រង់ចាំធ្វើតេស្តរហ័សជូនដល់គណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីវិញ។

បើទោះបីយ៉ាងណា ដើម្បីធានាឱ្យលទ្ធផលកាន់តែប្រាកដនោះ សំណាករបស់គណៈប្រតិភូទាំងអស់ ត្រូវបានយកទៅពិនិត្យជាមួយម៉ាស៊ីន PCR បន្ថែមទៀត។ លទ្ធផលយ៉ាងណានោះ លោកស្រី យក់ សម្បត្តិ នឹងផ្តល់ព័ត៌មានជាបន្តទៀត។

សម្រាប់ការតេស្តរហ័សមិនមានឃើញនេះ លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា គណៈប្រតិភូអាចនឹងមិនមានការឆ្លងពីសម្តេចនោះទេ ដោយសារប្រព័ន្ធភាពសុាំក្នុងរាងកាយរបស់មន្ត្រីជាគណៈប្រតិភូមានភាពរឹងមាំ ព្រោះពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពី ៥ដូសឡើង។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ធ្វើឱ្យសម្តេចខកខានការចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃ។

សម្តេចតេជោ បានដឹកនាំគណៈប្រតិភូហោះមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា នេះ។ បើទោះបីជាយ៉ាងណា សម្តេចតេជោ បានបញ្ជាក់ថា សុខភាពរបស់សម្តេចនៅល្អធម្មតា ការបរិភោគ និងការសម្រាន គឺធម្មតា៕