(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានស្នើឱ្យបញ្ឈប់ការវិភាគមួយចំនួនលើសុខភាពរបស់សម្តេចថាជាការប្រតិដ្ឋឡើង ក្នុងចេតនារារាំងសម្តេចមិនឱ្យចូលរួមកិច្ចប្រជុំកំពូលG20 និងកិច្ចសន្ទនា APEC។ ប្រធានាធិបតីឥណ្ឌូនេស៊ី និងនាយករដ្ឋមន្ត្រីថៃ គឺសុទ្ធតែចង់បានវត្តមានសម្តេចក្នុងកិច្ចប្រជុំទាំងពីរនេះ។

តាមរយៈសំឡេងផ្ញើជូនប្រជាពលរដ្ឋពេលត្រឡប់មកពីឥណ្ឌូនេស៊ីភ្លាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចពិតជាបានឆ្លងជំងឺកូវីដ១៩ ដោយសារតែសម្តេចមានការនឿយហត់ពេកក្នុងការងារ។ ជាពិសេសក្នុងពេលដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីសប្តាហ៍កន្លងទៅនេះ ដែលក្នុងមួយថ្ងៃត្រូវធ្វើការរង្វង់ ១៥ម៉ោង។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ពិតណាស់ គ្មាននរណាមានបំណង ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំ មិនមានវត្តមាននៅក្នុងកិច្ចប្រជុំG20 នៅឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅប្រទេសថៃ»

សម្តេចតេជោ បានអំពាវនាវឱ្យបញ្ឈប់ការវិភាគដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា និងប្រទេសជាមិត្តយ៉ាងដូច្នេះ «ខ្ញុំសូមឱ្យបំបាត់ចោលនូវការភ័ន្តច្រឡំ និងការវិភាគណា ដែលនាំទៅដល់ការយល់ច្រឡំ។ ប្រធានG20 គឺប្រទេសឥណ្ឌូនេស៊ី ចង់ណាស់មានវត្តមានរបស់ខ្ញុំជាប្រធានអាស៊ាន ហើយថៃដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC ពិតជាចង់ណាស់ ឱ្យខ្ញុំមានវត្តមាន»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានបញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ធ្វើឱ្យសម្តេចខកខានការចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការ APEC នៅក្រុងបាងកក ប្រទេសថៃ។

សម្តេចតេជោ បានដឹកនាំគណៈប្រតិភូហោះមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា នេះ។ បើទោះបីជាយ៉ាងណា សម្តេចតេជោ បានបញ្ជាក់ថា សុខភាពរបស់សម្តេចនៅល្អធម្មតា ការបរិភោគ និងការសម្រាន គឺធម្មតា៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/114230