(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ បានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពសុខភាពមេដឹកនាំបណ្ដាប្រទេសនានា រួមទាំងប្រធានាធិបតី អាមេរិកដែរនោះ ដែលបានអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាន និងប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីសម្ដេចត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៉ី ពេលកំពុងត្រៀមចូលរួមកិច្ចប្រជុំ G20។

តាមរយៈសារសំឡេងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពីគេហដ្ឋានក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោយត្រឡប់មកពីប្រទេសឥណ្ឌូនេស៉ីវិញនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អំពីស្ថានភាពសុខភាពរបស់សម្ដេចមិនមានអ្វីប្រែប្រួលនោះទេ ហើយក៏មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះដែរ តែអ្វីដែលសម្ដេចបារម្ភបំផុតនោះ គឺសុខភាពមេដឹកនាំពិភពលោក ដែលអញ្ជើញមកកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កង្វល់ធំរបស់ខ្ញុំព្រះករុណាខ្ញុំ គឺសុខាភាពរបស់មេដឹកនាំបណ្ដាប្រទេស និងអង្គការអន្ដរជាតិនានា ដែលបានមកប្រជុំនៅប្រទេសកម្ពុជា ថាតើពួកគាត់មានឆ្លងកូវីដ១៩ ឬអត់? ប៉ុន្ដែឆ្លងកាត់ការស្រាវជ្រាវអ្នកដែលចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៉ី និងអ្នកដែលត្រឡប់ទៅប្រទេសវិញ ពុំឃើញមាន ថ្នាក់ដឹកនាំរូបណាមួយ ដែលមានកូវីដឆ្លងចេញពីកម្ពុជានោះទេ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មកដល់ពេលនេះ អាការៈរបស់សម្ដេច គឺធម្មតាទាំងអស់មិនមានអ្វីខុសប្លែកនោះទេ ពោលសូម្បីតែទទួលទានក៏បានធម្មតា ការសម្រាកក៏ធម្មតា។ សម្ដេចបញ្ជាក់ទៀតថា សម្ដេចនឹងធ្វើការងារពីផ្ទះ លើកលែងតែការទទួលភ្ញៀវប៉ុណ្ណោះ ដែលត្រូវអាក់ខាន។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ពីការតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចតេជោ ហ៊ុន សែន ដើម្បីសុវត្ថិភាពប្រតិភូ សម្តេចបានសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់មកកម្ពុជាវិញទាំងអស់ ហើយសម្រាប់ឯតំណាងប្រទេសអាស៊ាន កំពុងចរចាប្រគល់ជូនឥណ្ឌូនេស៉ីជាតំណាងតែម្តង។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៧យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់មាតុភូមិវិញហើយ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ ពេលទៅដល់ប្រទេសឥណ្ឌូនេស៊ី។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ហោះទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលG20 ដែលគ្រោងធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ តាមការគ្រោងទុកសម្តេចតេជោ និងគណៈប្រតិភូ នឹងត្រូវហោះទៅកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចសន្ទនាក្រៅផ្លូវរបស់មេដឹកនាំប្រទេស APEC ពីថ្ងៃទី១៧ ដល់ ១៨ ខែវិច្ឆិកា។

តែការចូលរួមក្នុងកម្មវិធីទាំងពីរត្រូវបានខកខានទៅវិញ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ត្រូវបានរកឃើញជំងឺកូវីដ១៩ ពេលអញ្ជើញទៅដល់ប្រទេសឥណ្ឌូនេស៊ី៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/114230