(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបសវនការជាមួយ Mr. Abdul Rahman Saleh Al-Saleh ប្រធាននាយកដ្ឋានបញ្ជាទិញ និងភស្តុភារ នៃសមាគមជាតិអឌ្ឍចន្ទក្រហមកូវ៉ែត ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងសមាគមជាតិទាំងពីរ។

ក្នុងជំនួបខាងលើនេះ Mr. Abdul Rahman Saleh Al-Saleh បានថ្លែងថា នេះជាលើកដំបូងហើយដែលគណៈប្រតិភូអឌ្ឍចន្ទក្រហមកូវ៉ែត បានមកទស្សនកិច្ចផ្ទាល់នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ លោកបានបញ្ជាក់ថា បច្ចុប្បន្នអឌ្ឍចន្ទក្រហមកូវ៉ែត បានធ្វើសកម្មភាពមនុស្សធម៌ជួយដល់បណ្តាសមាគមជាតិជាង៩០ប្រទេស ដែលជាសមាជិករបស់សហព័ន្ធអន្តរជាតិ ដែលជួបប្រទះនឹងគ្រោះមហន្តរាយផ្សេងៗ។
ប៉ុន្តែសម្រាប់កាកបាទក្រហមកម្ពុជា ខាងអឌ្ឍចន្ទក្រហមកូវ៉ែត មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៅក្នុងប្រទេសរបស់ខ្លួន។ ដោយឡែកចាប់ពីពេលនេះតទៅ លោកសង្ឃឹមថា អឌ្ឍចន្ទក្រហមកូវ៉ែត និងកាកបាទក្រហមកម្ពុជា នឹងអាចចាប់ផ្តើមទំនាក់ទំនងធ្វើការជាមួយគ្នា ក្នុងការងារមនុស្សធម៌នេះ។

លោកបន្ដថា នៅល្ងាចថ្ងៃដដែលនេះ លោកនឹងជួបជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា ដើម្បីស្វែងយល់ពីការជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។ ពាក់ព័ន្ធនឹងការផ្តល់ថវិកាទៅមន្ទីរពេទ្យកុមារគន្ធបុប្ផានេះដែរ អឌ្ឍចន្ទក្រហមកូវ៉ែត មានបំណងផ្ញើថវិកានេះ តាមរយៈកាកបាទក្រហមកម្ពុជា។

លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណចំពោះអឌ្ឍចន្ទក្រហមកូវ៉ែត ដែលមានចំណាប់អារម្មណ៍ជួយកាកបាទក្រហមកម្ពុជា ហើយចាប់ពីពេលនេះទៅនឹងធ្វើការជាមួយគ្នា។ លោកស្រីបានជម្រាបជូនថា ការងារធំៗដូចជាការឆ្លើយតបគ្រោះមហន្តរាយគ្រោះទឹកជំនន់ជាដើមនោះ រាជរដ្ឋាភិបាលកម្ពុជា មានប្រព័ន្ធស្បៀងបម្រុងកម្ពុជា​ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយទាំងនោះ។ ប៉ុន្តែអ្វីដែលកាកបាទក្រហមកម្ពុជា ត្រូវសម្លឹងសម្រាប់ទិសដៅអនាគតនោះ គឺការកសាងសហគមន៍ឱ្យមានភាពធន់នឹងគ្រោះមហន្តរាយ ដូច្នេះកាកបាទក្រហមកម្ពុជា សូមសំណូមពរឱ្យអឌ្ឍចន្ទក្រហមកូវ៉ែត ជួយលើការងារខាងលើនេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក អឌ្ឍចន្ទក្រហមកូវ៉ែត បានទាក់ទងដើម្បីជួយកាកបាទក្រហមកម្ពុជាដែរ ប៉ុន្តែមិនបានដឹងថា និន្នាការរបស់កាកបាទក្រហមកម្ពុជាផ្តោតទៅលើអ្វីខ្លះ តែពេលនេះសមាគមជាតិទាំងពីរ នឹងធ្វើការជាមួយគ្នាឱ្យបានរលូនក្នុងសកម្មភាពមនុស្សធម៌៕