(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ចំពោះព្រះរាជសារព្រះរាជទានពររបស់ព្រះអង្គ សូមឲ្យសម្តេចតេជោ ឆាប់ជាពីជំងឺកូវីដ១៩ និងមានសុខភាពល្អបរិបូរណ៍។

តាមសារលិខិតរបស់សម្តេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលបពិត្រអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាបឋមទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស
រីករាយជាអនេកប្បការដោយបានទទួលព្រះរាជសារលិខិតសម្តេចម៉ែជាអម្ចាស់ ដែលស្ដេចទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសព្ទសាធុការពរមហាប្រសើរចំពោះទូលព្រះបង្គំជាខ្ញុំឲ្យ បានឆាប់ជាសះស្បើយ ពីជំងឺកូវីដ-១៩ ក្នុងវេលាដ៏ខ្លីខាងមុខនេះ។

តបចំពោះព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំជាខ្ញុំនិងភរិយាសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សម្ដែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យយ៉ាងត្រចះត្រចង់ដែលទូលព្រះបង្គំជាខ្ញុំ ក្នុងនាមជាប្រធាន អាស៊ានប្តូរវេន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបាននូវកេរ្តិ៍ឈ្មោះ កិត្តិយស ព្រមទាំងលើកតម្កើងកិត្យានុភាពជាតិជូនប្រជាជនកម្ពុជាគ្រប់រូប នៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសតេជះសម្ភារឫទ្ធាបារមីនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់ត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំង ព្រះករុណា អង្គព្រះមហាក្សត្រ ជាអម្ចាស់
ជីវិតតម្កល់ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវព្រះព្រហ្មវិហារធម៌គិតគូរអំពីសុខុមាលភាពរបស់ទូលព្រះបង្គំជាខ្ញុំនិងភរិយាជារៀងរហូតមក។

ជាថ្មីម្តងទៀតទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរសូមអង្គសម្តេចម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូងស្តេច ទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕