(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចំពោះព្រះរាជសារព្រះរាជទានពររបស់ព្រះអង្គ សូមឲ្យសម្តេចតេជោ ឆាប់ជាពីជំងឺកូវីដ១៩ និងមានសុខភាពល្អបរិបូរណ៍។

តាមសារលិខិតរបស់សម្តេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជាបឋមទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមថ្លែងអំណរព្រះរាជគុណប្រកប ដោយបីតិសោមនស្ស រីករាយជាអនេកប្បការដោយបានទទួលព្រះរាជសារលិខិតព្រះករុណាថ្លៃវិសេស ដែលស្ដេចទ្រង់សព្វ ព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសព្ទសាធុការពរ មហាប្រសើរចំពោះទូលព្រះបង្គំជាខ្ញុំឲ្យ
បានឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងវេលាដ៏ខ្លីខាងមុខនេះ។

តបចំពោះព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយាសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតសម្តែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យយ៉ាងត្រចះត្រចង់ដែលទូលព្រះបង្គំជា ក្នុងនាមជាប្រធាន អាស៊ានប្តូរវេន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបាននូវកេរ្តិ៍ឈ្មោះ កិត្តិយស ព្រមទាំងលើកតម្កើងកិត្យានុភាពជាតិ ជូនប្រជាជនកម្ពុជាគ្រប់រូប នៅក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសតេជះសម្ភារឫទ្ធ បារមីនៃព្រះករុណាអង្គព្រះមហាក្សត្រ ព្រមទាំងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវព្រះព្រហ្មវិហារធម៌គិតគូរអំពីសុខុមាលភាពរបស់ទូលព្រះបង្គំជាខ្ញុំនិងភរិយាជារៀងរហូតមក។

ជាថ្មីម្តងទៀតទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហា ប្រសើរសូមព្រះករុណាថ្លៃវិសេស ទ្រង់ស្តេចព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺៈអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕