(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស នៅរសៀលថ្ងៃទី១៥ ខែមិថុនានេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាង១ម៉ោង បានបញ្ជាក់តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម Facebook ពីស្ថានភាពទឹកហូរ តាមបណ្តាញលូថ្មីថា មានប្រសិទ្ធភាពខ្ពស់ ដោយទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រើន ជាពិសេសទីតាំងដែលធ្លាប់តែលិចលង់ធ្ងន់ធ្ងរ។
លោក ប៉ា សុជាតិវង្ស បានសរសេរក្នុង Facebook របស់លោកថា បន្ទាប់ពីការខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងពេលធ្លាក់ ភ្លៀងធ្លាក់រយៈពេល១ម៉ោង នារសៀលថ្ងៃនេះ មន្ទីរសាធារណការរាជធានី សង្កេតឃើញថា ក្នុងខណ្ឌទាំង៤ ទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រើន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជា៖
- តំបន់មុខព្រះបរមរាជវាំង ស្រកអស់ភ្លាម
- តំបន់វិថីកម្ពុជាក្រោម ស្រកអស់ ១៥នាទីក្រោយភ្លៀង
- តំបន់ស្តុបផ្សារដេប៉ូ ស្រកអស់ ១០នាទីក្រោយភ្លៀង
- តំបន់ផ្សារកណ្តាល ស្រកអស់ ១៥នាទីក្រោយភ្លៀង
- តំបន់ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២មុខសាន់វេ ស្រកអស់ ២០នាទីក្រោយភ្លៀង
- ផ្លូវម៉ៅសេទុងមុខស្ថានទូតចិន ស្រកអស់ ១០នាទីក្រោយភ្លៀង
- ផ្លូវហ្សាលដឺហ្គោល ស្រកអស់ភ្លាមក្រោយភ្លៀង
- ផ្លូវសុខ ហុក ផ្សារអូរឫស្សី ស្រកអស់ភ្លាម
- ផ្លូវលេខ១៦៣ខាងកើតស្តាត រង្វង់មូលសំពៅមាស ស្រកអស់ភ្លាមក្រោយភ្លៀង។
លោក ប៉ា សុជាតិវង្ស បានសរសេរទៀតថា «ឆ្លងតាមការវាយតម្លៃបណ្តាញលូថ្មី មានប្រសិទ្ឋិភាពខ្ពស់ ប៉ុន្តែត្រូវកែលំអអណ្តូងលូ បូមស្តារ លាងលូ និងកាយសំរាមមុខអណ្តូងលូ។ យើងសង្ឃឹមថា ក្រោយសាងសង់ស្ថានីយបូមទឹកទាំង៣កន្លែង រួចនៅខែសីហាខាងមុខ ទឹកនឹង អាចកាត់បន្ថយការលិចលង់ ប្រមាណ៧០%»៕