(ភ្នំពេញ)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីសង្ឃ ថ្នាក់ដឹកនាំ-មន្ត្រីនៃពុទ្ធិកសាកលវិទ្យាល័យចំនួន ២៥អង្គ/នាក់ នាំយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០០កន្លែង និងព្រះរាជអំណោយអង្ករចំនួន ១០តោន មី ១០០កេស ត្រីខ ១៥កេស ទឹកស៊ីអ៊ីវ ១០០យួរ ទឹកត្រី ១០០យួរ ទឹកក្រូច ១០០កេស និងទឹកបរិសុទ្ធ ២០០កេស ដល់កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើក្រាបបង្គំទូលថ្វាយសួរសុខទុក្ខ និងថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជហឫទ័យដ៏ថ្លៃថ្លារបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទានព្រះរាជអំណោយដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ចំនួន ៤លើក ចាប់តាំងពីឆ្នាំ២០១៩។

លោកស្រីបន្ដថា នេះជាការលើកទឹកចិត្តយ៉ាងធំធេង ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយកព្រះរាជអំណោយទាំងនេះ ទៅចាត់ចែងប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការជំនួយជាចាំបាច់។ ដោយឡែក ចំពោះការប្រទានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កាកបាទក្រហមកម្ពុជា នឹងធ្វើការជ្រើសរើសផ្តល់ជូនដល់យុវជនកាកបាទក្រហមកម្ពុជា ឬនិស្សិតក្រីក្រមកពីបណ្តាខេត្តនានា ដើម្បីបានសិក្សារៀនសូត្រនៅទីនោះ។

លោកស្រីអគ្គលេខាធិការរងទី១ ព្រមទាំងថ្នាក់ដឹកនាំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមថ្វាយព្រះពរ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃ ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។ ទន្ទឹមនឹងនេះ សូមប្រគេនពរ និងជូនពរដល់ ព្រះសង្ឃ ថ្នាក់ដឹកនាំ-មន្ត្រីនៃពុទ្ធិកសាកលវិទ្យាល័យ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជាយើងឱ្យកាន់តែរីកចម្រើន។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែងជាទីបំផុត ដែលបានដឹកនាំព្រះមន្ត្រីសង្ឃ គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្រ្តីបុគ្គលិក និងក្រុមការងារមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងក្រុមការងារ សសយក នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាំយកនូវព្រះរាជអំណោយ និងផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្រ ជូនកាកបាទក្រហមកម្ពុជា ដើម្បីបន្តសកម្មភាពមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ។

សម្តេចបានមានព្រះរាជបន្ទូលថា «ការប្រទានដល់កាកបាទក្រហមកម្ពុជា គឺជាការរួមចំណែកមួយយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលជួបប្រទះការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយរាល់សកម្មភាពមនុស្សធម៌ទាំងអស់ ស្តែងចេញឱ្យឃើញអំពីសន្តានចិត្ត ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ»

ជាមួយគ្នានេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានមានព្រះរាជបន្ទូលផងដែរថា «ព្រះរាជាណាចក្រកម្ពុជាយើង ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសយើងមានសុខសន្តិភាព មានការអភិវឌ្ឍរុងរឿង ហើយថ្មីៗនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងលើកមុខមាត់កម្ពុជាយើង ឱ្យមានភាពល្បីល្បាញក្នុងឆាកអន្តរជាតិ ជាក់ស្តែងកម្ពុជាយើងទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ»

តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានប្រោសព្រះរាជទានពរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន សូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕