(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្ញើព្រះរាជសារជូនពរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យឆាប់ជាពីជំងឺកូវីដ១៩ និងមានសុខភាពល្អបរិបូរណ៍។ នេះបើតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh New ទទួលបាននៅល្ងាចថ្ងៃនេះ។

តាមព្រះរាជសាររបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា «ខ្ញុំបានទទួលព័ត៌មានស្តីអំពី សម្តេចអគ្គមហាសេនាបតីតេជោ បានតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលG20 នៅប្រទេសឥណ្ឌូនេស៊ី
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ខ្ញុំសូមកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លាក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូល
ពាក់ព័ន្ធរយៈពេល ៤ថ្ងៃ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បាននាំមកនូវកេរ្តិ៍ឈ្មោះ និងកិត្តិយស ព្រមទាំងទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ខ្ញុំសូមប្រសិទ្ធពរ និងសូមបួងសួងគុណបុណ្យព្រះរតនត្រ័យ ទសបារមី និងវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមតាមជួយបីបាច់ថែរក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ឱ្យឆាប់ជាសះស្បើយពីរោគា និងសូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ទិឃាយុយឺនយូរដើម្បីបំពេញភារកិច្ចបម្រើ ជាតិ មាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់ ជាបន្តទៀត»៕