(កំពង់ធំ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចាត់ឱ្យគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ឧត្តមព្រឹទ្ធាចារ្យ ជា ជាតិ អតីតប្រធានគណៈកម្មាធិការ និងជាអនុប្រធានកិត្តិ យសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលទទួលមរណភាព កាលពីថ្ងៃសៅរ៍ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៧៖១៩នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកស្រីអគ្គលេខាធិការ នាំនូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោក ជា វ៉ាន់ចាន់ និងលោកស្រី ព្រមទាំងក្រុមគ្រួសារថា «ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុត ចំពោះមរណភាព របស់ឧត្តមព្រឹទ្ធាចារ្យ ជា ជាតិ គឺជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ ដែលក្នុងមួយជីវិតរបស់ឧត្តមព្រឹទ្ធាចារ្យ តែងតែប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ដ៏ល្អប្រពៃ តស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា អប់រំ​ ផ្តល់ដំបូន្មានល្អៗដល់កូនចៅ និងក្រុមគ្រួសារ រហូតក្លាយជាបញ្ញវន្ត ជាឥស្សរជនជាន់ខ្ពស់ ដែលជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ និងជាការបាត់បង់នូវសកម្មជនមនុស្សធម៌ដ៏រឹងមាំមួយរូប ដែលបានបំពេញភារកិច្ច ក្នុងនាមជាប្រធានគណៈកម្មាធិការ រហូតជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ពោរពេញដោយស្នាដៃ និងគុណបំណាច់ក្នុងបុព្វហេតុមនុស្សធម៌កាកបាទក្រហមកម្ពុជា»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមព្រឹទ្ធាចារ្យ ជា ជាតិ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនេះដែរ លោកស្រី ពុំ ចន្ទីនី ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនលោកស្រី ហ៊ ផល្លា អាយុ៤៩ឆ្នាំ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលកើតជំងឺមហារីកដំណាក់កាលទី៣ ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឱកាសនោះ លោកស្រីអគ្គលេខាធិការបានពាំនាំនូវការផ្តាំផ្ញើសួរទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកស្រី ហ៊ ផល្លា ប្រកបដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងបានកោតសរសើចំពោះស្នាដៃការងាររបស់លោកស្រី ដែលបានខិតខំអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី បំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាតាំងពីឆ្នាំ១៩៩៣មក ដោយចាប់ផ្តើមពីអ្នកស្ម័គ្រចិត្តភូមិ រហូតបានក្លាយជាមន្ត្រីនៅសាខាកាកបាទក្រមកម្ពុជា ខេត្តកំពង់ធំ ដោយមិនមានការហត់នឿយណាមួយឡើយ។ លោកស្រីក៏បានជូនពរឱ្យលោកស្រី ហ៊ ផល្លា បានជាសះស្បើយពីជំងឺ និងឆាប់មានសុខភាពល្អឡើងវិញ។

ទន្ទឹមនឹងនោះ លោកស្រី ហ៊ ផល្លា និងក្រុមគ្រួសារបានថ្លែងអំណរគុណ និងសប្បាយចិត្តបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាននឹករលឹក និងបានចាត់ក្រុមការងារមកសួរសុខទុក្ខ អតីតបុគ្គលិកទាំងទីស្នាក់ការកណ្តាល និងសាខា ដោយមិនបានទុកនរណាម្នាក់ចោល និងសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី មានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងជោគជ័យគ្រប់ភារកិច្ច៕