អភិបាលខណ្ឌបឹងកេងកង ចូលរួមរំលែកទុក្ឋ និងនាំថវិកាឧបត្ថម្ភដល់គ្រួសារសពដែលរងគ្រោះក្នុងអគ្គិភ័យ នៅសង្កាត់បឹងកេងកងទី៣
15-11-2022 18:37
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានអញ្ជើញផ្តល់អំណោយដល់គ្រួសារសពឈ្មោះ កែវ ណារិន អាយុ៧០ឆ្នាំ ដែលបានទទួលមរណភាព ដោយគ្រោះអគ្គិភ័យ នៅផ្ទះលេខ៧៦ ច្រកផ្លូវលេខ៣៣០ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
លោក សុខ សម្បត្តិ បានចូលរួមសម្តែងនូវការសោកស្តាយជាមួយគ្រួសារសពឈ្មោះ កែវ ណារិន អាយុ៧០ឆ្នាំ ដែលបានទទួលមរណភាព ដោយគ្រោះអគ្គីភ័យ និងបាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែជួយឈឺឆ្អាល និងជួយសំរាលទុក្ខលំបាកប្រជាពលរដ្ឋដែលកំពុងរងគ្រោះថ្នាក់ផ្សេងៗ។
លោក សុខ សម្បត្តិ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែលងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំឲ្យមានអគ្គិភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ»។
អំណោយដែលអភិបាលខណ្ឌបឹងកេងកង ឧបត្ថម្ភជូនដើម្បីចូលរួមបុណ្យសពលោកតា កែវ ណារិន នាពេលនេះ រួមមាន៖ អង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ៣កេស, ភេសជ្ជៈ៣កេស និងថវិកា ចំនួន ១.០០០.០០០រៀល។
នាឱកាសនោះ ក្រុមគ្រួសារសព បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរ លោកអភិបាលខណ្ឌ សុខភាពល្អ និងជួបនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំប្បីឃ្លៀងឃ្លាតឡេីយ៕