(កំពត)៖ សិក្ខាសាលា ស្តីពី ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា SARMIS ជូនដល់មន្ត្រីទីស្តីការ គ.ជ.ប រយៈពេលមួយថ្ងៃដែលរៀបចំដោយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៃគណៈកម្មាធិការចាតិរៀបចំការបោះឆ្នោត សហការជាមួយ អគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានប្រារពបិទ នារសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឆាយ សុផាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប នៅសណ្ឋាគារ សាន់នី ខេត្តកំពត ។

លោក ឆាយ សុផាន់ណា បានថ្លែងថា ការរៀបចំឱ្យមានសិក្ខាសាលា ស្តីពី ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា SARMIS នេះឡើង គឺពិតជាមានសារសំខាន់ណាស់ព្រោះបច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យាទំនើប ដូច្នេះដើម្បីកសាង និងពង្រឹងសម្ថភាពដល់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចេះរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា SARMIS វាជារឿងចាំបាច់ដែលមិនអាចខ្វះបាន ហេតុដូច្នេះសិក្ខាកាមដែលបានឆ្លងកាត់ការរៀនសូត្រថ្ងៃនេះសូមចិត្តទុកដាក់អនុវត្ត ការងារឱ្យបានល្អ។

លោក ក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដែលថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ បានសហការរួមគ្នាជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ធ្វើការកែលម្អ និងពង្រឹងនូវការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជាបន្តបន្ទាប់រហូតដល់ការសម្រេចបាននូវកិច្ចការរៀបចំលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងដាក់ឱ្យប្រើប្រាស់តាមប្រព័ន្ធ SARMIS៕