(ភ្នំពេញ)៖ លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រយៈពេល ២៦ថ្ងៃកន្លងទៅនៅតាមឃុំ សង្កាត់ទូទាំងប្រទេស បានប្រព្រឹត្តទៅដោយរលូនល្អ ក្នុងបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងណាមួយកើតឡើងទេ។

ការបញ្ជាក់បែបនេះ របស់លោក ឌុច សុន បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ចំពោះស្ថានភាពទឹកភ្លៀង និងទឹកជំនន់ លោក ឌុច សុន បានឱ្យដឹងថា ដោយសារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយមានភ្លៀងធ្លាក់ខ្លាំងនៅតាមឃុំ សង្កាត់មួយចំនួននៅប៉ុន្មានថ្ងៃនៃការចាប់ផ្តើមចុះឈ្មោះដំបូង និងឃុំ សង្កាត់ខ្លះទៀតក្នុងខេត្តមួយចំនួនមានទឹកជន់ក៏ដោយ ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឡើយ។ ជារួម ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតី និងមានភាពរលូនល្អ។

លោក ឌុច សុន បានបន្ថែមថា គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ គ.ជ.ប បានចេញប័ណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ សរុបចំនួន ៤១នាក់ ស្រី ៤នាក់ មកពី ៦អង្គភាព ហើយគិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួនភ្នាក់ងារគណបក្សនយោបាយដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានសម្រេចទទួលស្គាល់ជាផ្លូវការ មានចំនួនសរុប ៧.៤៧៩នាក់ ស្រី ១.៥៨៦នាក់ មកពីគណបក្សនយោបាយចំនួន ៦ គណបក្ស។

ជាមួយគ្នានេះដែរ លោក ឌុច សុន បានបន្តថា ក្នុងអំឡុងពេលនេះដែរ គ.ជ.ប បានទទួលបណ្ដឹងចំនួន ១បណ្ដឹង ដែលប្តឹងចៅសង្កាត់រងទី១ នៃសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពាក្យបណ្តឹងនេះត្រូវបាន គ.ជ.ប សម្រេចធ្វើលិខិតជូនដំណឹងបដិសេធ។ ទន្ទឹមនឹងនេះ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ជាតិដែលមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៣,១៥៥នាក់ ស្រី ១,០៥៤នាក់។

សមាជិក គ.ជ.ប ក៏បានបង្ហាញពីលទ្ធផលបណ្ដោះអាសន្ននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ដែលមានរហូតដល់ ៩,៥១៩,៦០៣នាក់ ស្រី ៥,០៦៦,៦៤១នាក់ ស្មើនឹង ៨៧.៥២ភាគរយ នៃប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុប សម្រាប់រយៈពេល ២៦ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

បន្ថែមពីនេះ លោក ឌុច សុន បានគូសបញ្ជាក់ថា៖ ចំពោះអ្នកផ្លាស់ប្ដូរទីលំនៅ ជាទូទៅគាត់ត្រូវចុះឈ្មោះនៅក្នុងឃុំ សង្កាត់ថ្មី គឺគាត់ត្រូវទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ថ្មីនោះ រួចបង្ហាញឯកសាររបស់គាត់ ដើម្បីក្រុមចុះឈ្មោះបោះឆ្នោតធ្វើការផ្ទេរឈ្មោះគាត់ពីឃុំ សង្កាត់ចាស់ មកឃុំ សង្កាត់ថ្មី។ នៅពេលបិទផ្សាយបញ្ជីបោះឆ្នោតបញ្ជីដំបូងគាត់ត្រូវទៅពិនិត្យមើលឈ្មោះរបស់គាត់ម្ដងទៀត ដើម្បីឱ្យប្រាកដថា គាត់មានឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី។

គ.ជ.ប មានវិធានការជាក់លាក់ សម្រាប់ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ បានចូលរួមពិនិត្យមើលការចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតទាំងអស់ទូទាំងប្រទេស។ គ.ជ.ប តែងតែយកចិត្តទុកដាក់បំផុតលើកិច្ចការនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការជាទូទៅ តែទោះជាយ៉ាងណាការងារសង្កេតការណ៍ គឺមិនត្រូវធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនោះទេ។

លោកក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយផ្សព្វផ្សាយ និងជួយជំរុញឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

គ.ជ.ប សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។

ជារួមលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត អគ្គលេខាធិការដ្ឋាន គ.ជ.ប បានចេញផ្សាយជាសេចក្ដីប្រកាសព័ត៌មានជារៀងរាល់ថ្ងៃ ហើយចំនួនភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន អគ្គលេខាធិការដ្ឋាន គ.ជ.ប ក៏តែងតែធ្វើបច្ចុប្បន្នភាពព័ត៌មាននេះជាទៀងទាត់ដែរ ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន៕