(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌា នឹងចូលរួមដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការងារបោសសម្អាតមីន និងឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដោយផ្តល់ថវិកាជាង ៤២ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា។

ស្ថានទូតឥណ្ឌា សហការជាមួយអាជ្ញាធរមីន បានជ្រើសរើសតំបន់អាទិភាព ស្ថិតក្នុងខេត្តកោះកុង ដូចជាស្រុកស្រែអំបិល ស្រុកថ្មបាំង ស្រុកបុទុមសាគរ និងឃុំត្រពាំងរូង ស្រុកកោះកុង ដើម្បីប្រកាសស្រុក ឃុំ អស់មីនក្នុងទំហំទឹកប្រាក់ជាង ៤២,៥ម៉ឺនដុល្លារនេះ។

ការងារបោសសម្អាតមីននេះ អាជ្ញាធរមីននឹងប្រើប្រាស់កម្លាំងរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងទំហំផ្ទៃដីប្រមាណជិត ២គីឡូម៉ែត្រក្រឡា (១៩៧ ហិកតា)។ ស្ថានទូតឥណ្ឌា មានការយកចិត្តទុកដាក់ដល់ការងារបោសសម្អាតមីន និងតែងតែអំពាវនាវដល់រដ្ឋាភិបាលរបស់ខ្លួន គាំទ្រដល់ការងារទាំងនេះ៕