(ភ្នំពេញ)៖ នៅសាលសន្និសីទសារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពលោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងបញ្ហាប្រឈមក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ចំពោះស្ថានភាពទឹកភ្លៀង និងទឹកជំនន់លោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងថា ដោយសារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយមានភ្លៀងធ្លាក់ខ្លាំងនៅតាមឃុំ សង្កាត់មួយចំនួននៅប៉ុន្មានថ្ងៃនៃការចាប់ផ្តើមចុះឈ្មោះដំបូង និងឃុំ សង្កាត់ខ្លះទៀតក្នុងខេត្តមួយចំនួនមានទឹកជន់ក៏ដោយ ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឡើយ។ ជារួម ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតី និងមានភាពរលូនល្អ។

លោក ឌុច សុន បានបន្ថែមថា គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ គ.ជ.ប បានចេញប័ណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ សរុបចំនួន ៤១នាក់ ស្រី ៤នាក់ មកពី ៦អង្គភាព ហើយគិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួនភ្នាក់ងារគណបក្សនយោបាយដែលក្រុមប្រឹក្សាឃុំ សង្កាត់ បានសម្រេចទទួលស្គាល់ជាផ្លូវការ មានចំនួនសរុប ៧.៤៧៩នាក់ ស្រី ១.៥៨៦នាក់ មកពីគណបក្សនយោបាយចំនួន ៦ គណបក្ស។ ក្នុងអំឡុងពេលនេះដែរ គ.ជ.ប បានទទួលបណ្ដឹងចំនួន ១ បណ្ដឹង ដែលប្តឹងចៅសង្កាត់រងទី១ នៃសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ពាក្យបណ្តឹងនេះត្រូវបាន គ.ជ.ប សម្រេចធ្វើលិខិតជូនដំណឹងបដិសេធ។ ទន្ទឹមនឹងនេះ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ជាតិដែលមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៣.១៥៥នាក់ ស្រី ១.០៥៤នាក់។

លោក ឌុច សុន ក៏បានបង្ហាញពីលទ្ធផលបណ្ដោះអាសន្ននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ដែលមានរហូតដល់ ៩.៥១៩.៦០៣នាក់ ស្រី ៥.០៦៦.៦៤១នាក់ ស្មើនឹង ៨៧,៥២ភាគរយ នៃប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុប សម្រាប់រយៈពេល ២៦ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

ពិនិត្យជារួម ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រយៈពេល ២៦ថ្ងៃកន្លងទៅនៅតាមឃុំ សង្កាត់ទូទាំងប្រទេស បានប្រព្រឹត្តទៅដោយរលូនល្អ ក្នុងបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងណាមួយកើតឡើងទេ៕