(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋចំនួន៣២៩គ្រួសារ នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់នេះ ជាអ្នករងគ្រោះដោយទឹកជំនន់។ ហើយស្ថានភាពទឹកនេះធ្វើឲ្យប៉ះពាល់ផលដំណាំ ដីស្រែ និងខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ផ្លូវក្រាលគ្រួសក្រហមជាដើមការរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកមិនបាន ទៅប្រកបមុខរបរចិញ្ចឹមជីវិត។

ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយអត់ស្បៀងអាហារនោះឡើយ។

លោកស្រីបន្ដថា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកសិកម្មនៅតាមមូលដ្ឋាន ដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កន្លងទៅថ្មីៗនេះ សូមបន្តខិតខំធ្វើស្រែប្រាំង ឲ្យបានទៀងទាន់ពេលវេលា ព្រោះទឹកកំពុងតែស្រកយ៉ាងឆាប់រហ័ស។ សូមចូលរួមដាំដំណាំបន្ទាប់បន្សំ និងចិញ្ចឹមសត្វនៅតាមផ្ទះ ដើម្បីដោះ ស្រាយជីវភាពប្រចាំថ្ងៃបានមួយកម្រិតព្រមទាំងកាត់បន្ថយការ ធ្វើចំណាកស្រុកផងដែរ។

ក្នុងនាមសមាជិកព្រឹទ្ធសភា និងប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយទាំងអស់ លោកស្រី ឃួន ឃុនឌី បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ជាស្បៀងអាហារ ស្រូវពូជ និងថវិកា ដើម្បីជួយដោះស្រាយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។

សូមបញ្ជាក់ថា ថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋចំនួន៣២៩គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានថវិកាចំនួន២០០,០០០រៀល៕